មនុស្សស្លាប់កើន ៣០១នាក់ ដោយសារកូវីដ១៩ នៅប្រទេសថៃ ខណៈករណីថ្មីមានដល់ ២ម៉ឺន៩០២នាក់ទៀត!
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន៩០២ករណី និងស្លាប់៣០១នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ម៉ឺន៧៥៤ករណីជាប្រជាជនទូទៅ និង ១៤៨ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន២ពាន់២០៨នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ។
ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៩៦ម៉ឺន៩៩៦ករណី ក្នុងនោះមានអ្នកជំងឺ៧៤ម៉ឺន៧ពាន់៩០១នាក់បានជាសះស្បើយឡើងវិញ ។
ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៩៨ម៉ឺន៩ពាន់៨៥៩ករណី និងអ្នកជំងឺ៧៧ម៉ឺន៥ពាន់៣២៧នាក់បានជាសះស្បើយឡើងវិញ ។
ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៨ពាន់៤៩២នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៨ពាន់៥៨៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។