អ្នកនាំពាក្យអាជ្ញាធរអប្សរាថា មានក្រុមឈ្មួញប្រើប្រាស់ប្រជាពលរដ្ឋទន្រ្ទានយកដីគ្រប់គ្រងដោយអាជ្ញាធរអប្សរា
លោក ឡុង កុសល អ្នកនាំពាក្យ និង ជាប្រធានសណ្តាប់ធ្នាប់ និង អគ្គនាយករង នៃ អាជ្ញាធរជាតិអប្សរា បានថ្លែងថា មានឈ្មួញម្នាក់នៅតែចិញ្ចឹមចិត្តក្នុងការទន្ទ្រានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយប្រើប្រាស់ប្រជាពលរដ្ឋធ្វើជាខែល។
ការថ្លែងបែបនេះលោក ឡុង កុសល ធ្វើឡើងក្រោយកាលពីថ្ងៃទី១៧ ខែសីហា កន្លងទៅនេះ មានប្រជាពលរដ្ឋមួយក្រុមបាននាំគ្នាយកកូនស្វាយចន្ទីទៅដាំនៅលើដីព្រៃគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ស្ថិតនៅចំណុចភូមិរីមានន្ទ និងភូមិតាប៉ាង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប។
លោក ឡុង កុលស បានថ្លែងថា តាមពិតទីតាំងដីខាងលើនេះ វាស្ថិតនៅក្នុងតំបន់រមណីដ្ឋានអង្គរ ដែលដីនេះជាដីសាធារណៈរបស់រដ្ឋ ដែលត្រូវបានហាម ឃាត់ការទិញលក់ផងដែរ។ ប៉ុន្តែទោះយ៉ាងនេះក្តី បុគ្គល លី អ៊ុំអេង បានដើរប្រមូលទិញដីនៅតំបន់ហ្នឹងពីប្រជាពលរដ្ឋ និងបានយកប្រជា ពលរដ្ឋធ្វើជាខែលសម្រាប់ការបិទបាំងអំពើខុសច្បាប់ របស់ខ្លួន។
លោក ឡុង កុសល លើកឡើងទៀតថា “ចឹងដីហ្នឹងវាទាក់ទងនឹងបុគ្គល លី អ៊ុំអេង ដែលបុគ្គលហ្នឹងដើរប្រមូលទិញដីក្នុងតំបន់ហ្នឹងពីប្រជាពលរដ្ឋ ហើយគាត់យកប្រជាពល រដ្ឋធ្វើជាខ្នងបិទបាំងសកម្មភាពខុសច្បាប់របស់គាត់”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ លោកស្រី លី អ៊ុំអេង ដែលជាឈ្លួញដីធ្លីម្នាក់នៅក្នុងខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយចោទ ប្រកាន់មកលើអង្គភាពអាជ្ញាធរជាតិអប្សរាថា កំពុងកៀបសង្កត់លើប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បុរីសណ្ឋាគារ និងថា អាជ្ញាធរអប្សរា បានកាយផ្តាច់ផ្លូវគម្រោងអភិវឌ្ឍដីឡូតិ៍របស់គាត់ថែមទៀតផង។
ជុំវិញករណីខាងលើនោះដែរ ពលរដ្ឋនៅ ក្នុងខេត្តសៀមរាប បាននិយាយខ្សឹប តៗ គ្នានេះថា ចំពោះនៅជុំវិញបរិវេណតំបន់ប្រាសាទអង្គរវត្ត កើតផ្ទះវីឡាធំៗ រីកដូចផ្សឹត តែចំពោះអាជ្ញាធរជាតិអប្សរាមើលមិនឃើញទៅវិញ មើលឃើញតែប្រជា ពលរដ្ឋទន់ខ្សោយប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។