ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ហៃ​ទី​កើនឡើង ២,១៨៩​នាក់ និង​ជាង ១២,០០០​នាក់​រងរបួស​

​ចំនួន​មនុស្ស​ស្លាប់​បាន​លោត​ឡើង​យ៉ាងគំហុក​ដល់ ២,១៨៩​នាក់ និង​ជាង ១២,០០០​នាក់​ទៀត​រងរបួស ក្រោយ​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ៧.២​រ៉ិ​ច​ទ័​រ វាយប្រហារ​ភាគ​និរតី​ប្រទេស​ហៃ​ទី កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​គិត​ត្រឹម​ពេលនេះ ការជីក​កកាយ​នៅតាម​គំនរ​អគារ​បាក់បែក នៅតែ​កំពុង​បន្ត​នៅឡើយ ដើម្បី​ស្វែងរក​មនុស្ស​បាត់​ខ្លួន​។ នេះ​ជា​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​បំផុត​មួយទៀត ដែល​បានធ្វើ​ឲ្យ​លំនៅឋាន​ប្រជាជន និង​អគារ​សាធារណៈ​នានា រង​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំ ព្រមទាំង​បានធ្វើ​ឲ្យ​បណ្តាញ​ទ្រទ្រង់​មន្ទីរពេទ្យ នៃ​ប្រទេស​ដី​កោះ​មួយ​នេះ​ដួលរលំ​ផងដែរ​។​

​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រែស បាន​ប្តេជ្ញា​ជួយសង្គ្រោះ​ហៃ​ទី ក្នុង​គ្រា​ដ៏​លំបាក​វេទនា​បំផុត​នេះ​។ លោក ហ្គូ​ទែ​រែស បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មាន​សារ​មួយ​ជូន​ដល់​ប្រជាជន​ហៃ​ទី នោះ​គឺ​អ្នក​មិន​ឯកោ​ឡើយ​, យើង​នឹង​ឈរ​នៅ​ជាមួយ​អ្នក និង​គាំទ្រ​អ្នក​គ្រប់​ជំហាន ដើម្បី​ដើរចេញ​ពី​វិបត្តិ​មួយ​នេះ​»​។​

​គួររំលឹកថា អ្វីដែល​ពិភពលោក​ទាំងមូល​ចងចាំ​មិន​ភ្លេច នោះ​គឺ​រដ្ឋធានី​ព័រ​អូ​ព្រី​ន នៃ​ប្រទេស​ហៃ​ទី បានទទួល​រងគ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ៧.០​រ៉ិ​ច​ទ័​រ កាលពី​ខែមករា ឆ្នាំ​២០១០ ដែល​បានសម្លាប់​មនុស្ស​រហូត​ដល់​ជាង ២០០,០០០​នាក់ ហើយ​ពិតជា​សោកនាដកម្ម​ដ៏​ធំធេង បង្កឡើង​គ្រោះធម្មជាតិ​រញ្ជួយ​ដី នៅក្នុង​ប្រទេស​ក្រីក្រ​ដែលមាន​ប្រជាជន​ជាង ១០​លាន​នាក់​មួយ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close