ពលរដ្ឋខ្មែរមួយគ្រួសារ ៣នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រន្ធត់ នៅទឹកដីថៃ!
ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរចំនួន ៣នាក់ ម្តាយនិងកូន បានស្លាប់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញ លើទឹកដីថៃ ក្នុងភូមិណាង៉ាម ឃុំតាប់ប្រាយ៉ា ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ។
នគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ ម្តាយ និងកូន គឺឈ្មោះ ជួន ចាន់កុង អាយុ២៤ឆ្នាំ (ជាម្តាយ) និងកូន២នាក់ទៀត ឈ្មោះ ហេង បូណា ភេទស្រី អាយុ៣ឆ្នាំ និងឈ្មោះ ហេង សេងមុន្នី អាយុ២ខែ។ ទាំង០៣នាក់ មានស្រុកកំណើតរស់នៅភូមិសាមគ្គី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពដដែល បានបញ្ជាក់ថា មូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើករថយន្តឈ្នួលជាជាតិថៃ បើករថយន្តមានល្បឿនលឿន រថយន្តបានរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យឲ្យស្លាប់អ្នករួមដំណើរជាជនខ្មែរ ៣នាក់ ម្តាយនិងកូន និងអ្នកបើកបរជាជនជាតិថៃ បានស្លាប់ផងដែរ។
ករណីនេះ នៅវេលាម៉ោង៤ និង៥០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរថៃ បានដឹកសពម្តាយ និងកូនទាំង០៣នាក់ តាមច្រកទ្វារបឹងត្រកួន ប្រគល់ឲ្យអាជ្ញាធរខ្មែរ ប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។