ក្រសួងកសិកម្មថា កំពុងចរចារជាមួយភាគីចិន និងថៃ សុំបើកទីផ្សារមៀនប៉ៃលិន
ក្នុងសេចក្តីជូនដំណឹងដែលចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា ពេលនេះ ក្រសួងកសិកម្ម និងក្រសួងការបរទេស កំពុងស្នើសុំសមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរាច បើកទីផ្សារសម្រាប់ផ្លែមៀនប៉ៃលិន។
បើតាមក្រសួង ផ្លែមៀនប៉ៃលិន គឺជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាមអនាម័យ ដែលតម្រូវឲ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យ នៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏បានធ្វើការអំពាវនាវដល់វិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងក្នុងការជំរុញការនាំចេញផលិតផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស ដោយពិនិត្យលទ្ធភាពធ្វើការវិនិយោគក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឲ្យបានទាន់ពេលវេលា និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រូបយកផលិតផលមកធ្វើការកែច្នៃនាំចេញឲ្យបានជាអតិបរមាភ្លាមៗ នៅក្រោយពេលមានការឯកភាពជាមួយប្រទេសនាំចូលលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។