ស្រុក​វាលវែង ជាប់​ឈ្មោះ​ជា​ស្រុក​ទេសចរណ៍​ដ៏​ល្បី និង​កំពុងមាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​

​ខេត្តពោធិ៍សាត់​៖ បន្ទាប់ពី​លេចចេញ​នូវ​សមិទ្ធផល​ផ្លូវជាតិ​លេខ​៥៥​នោះ​រួចមក ទឹកដី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុង​អភិវឌ្ឍ​ខ្លួន​ទៅមុខ​ជា​លំដាប់ ពិសេស​លើ​វិស័យ​ទេសចរណ៍ ក្នុងនោះ​មាន​រមណីយដ្ឋាន តំបន់​ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និង​តំបន់​គយគន់​ទេសភាព​ជាច្រើន​ទៀត ជាពិសេស​មាន​ព្រំដែន​ជាប់​នឹង​ខេត្ត​ត្រាត​ប្រទេស​ថៃ ដែល​ទីតាំង​ទាំងនោះ សុទ្ធសឹងតែ​ជាទី​គាប់​ប្រាថ្នា របស់​បណ្ដា​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​។​

​ប្រសិនបើ​ភ្ញៀវទេសចរ ឬ​អ្នកដំណើរ​ធ្វើដំណើរ​ចេញពី​ខេត្តពោធិ៍សាត់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៥ គេ​នឹង​បាន​ទៅដល់​រង្វង់​មូល​ប្រ​ម៉ោ​យ ដែលជា​ទីរួមស្រុក​វាល​វែង​នេះ​តែម្ដង​។ ជម្រើស​ទីមួយ ប្រសិនបើ​យើង​ធ្វើដំណើរ​បត់​ស្ដាំ​ទៅ​ឃុំ​ក្រពើ​ពីរ ទីនោះ​ក៏មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ជាច្រើន​ដែរ​។
​ប្រសិនបើ​យើង​ធ្វើដំណើរ​បត់​ឆ្វេង​ទៅ​ឃុំ​អូរ​សោម ទីនោះ​ក៏មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ជាច្រើន បូករួម​ទាំង​សត្វ​ក្រពើរ​ភ្នំ​នោះ​ផងដែរ​។ ហើយ​ប្រសិនបើ​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅ​ត្រង់ នោះគេ​នឹង​បាន ប្រទះ​នឹង​រមណីយ​ភាពជា​ច្រើន​សម្បូរបែប​។​

ចេញពី​រង្វង់​មូល​ប្រមោយ​ប្រមាណ ៣០​គីឡូម៉ែត្រ​រួចមក ភ្ញៀវទេសចរ​នឹង​បាន​ឆ្លងកាត់​ផ្លូវ​បត់បែន​លូន​ឡើងលើ​ភ្នំ​រាង​ដូច​អន្ទង់អាំង «​ផ្លូវ​បុប្ផា​លាក់ខ្លួន​» ដែល​ផ្ដល់នូវ​ទស្សនីយភាព​ប្លែក​អស្ចារ្យ ប្រសិនបើ​គេ​មើល​ពី​ផ្នែក​លើ​។ ដោយសារតែ​ត្រូវ​ឆ្លងកាត់​តំបន់ភ្នំ​១៥០០ ទើប​ក្រុម​វិស្វកម្ម​ខិតខំ​ស្ថាបនា​ផ្លូវ​បត់បែន​ឡើង ដើម្បី​ទម្លុះ​ឱ្យដល់​ឃុំ​ថ្មដា ដែលជា​តំបន់​ដែលមាន​សក្តានុពល​ខ្ពស់​។​

​នៅ​ចន្លោះ​តំបន់ភ្នំ​១៥០០ និង​តំបន់​ថ្មដា ភ្ញៀវទេសចរ​អាច​សំចត​នៅ​ទីតាំង​សុវត្ថិភាព​ណាមួយ ដែលមាន​ទេសភាព​ព្រៃភ្នំ វាលស្មៅ​លើ​ខ្នងភ្នំ ទឹកអូរ​ហូរ​តាម​ជ្រលង​ភ្នំ ដ៏​ស្រស់ត្រកាល ទស្សនា​កាន់តែ​យូរ​កាន់តែ​ជក់ចិត្ត​។​ បន្តដំណើរ​ទៅមុខ​បន្តិច ភ្ញៀវទេសចរ​នឹង​បាន​ទៅដល់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​តូច ដែលមាន​ទឹកធ្លាក់​ដ៏​ស្រស់ស្អាត មាន​កន្លែង​មុជទឹក​លេង​កម្សាន្ត មាន​ម្ហូបអាហារ​សហគមន៍​ឈ្ងុយឆ្ងាញ់ ព្រមទាំង​នៅ​ជិត​នឹង​មាត់​ផ្លូវ​ធ្វើដំណើរ មិន​ពិបាក​ចំណាយពេល​ច្រើន​ក្នុងការ​ទៅដល់​។​

​ចេញពី​ទឹកធ្លាក់​ថ្មដា​តូច ភ្ញៀវទេសចរ​នឹង​បាន​ទៅដល់​ស្ទឹង​មេទឹក ដែល​ជាទី​គយគន់​ទេសភាព​មួយបែប​ផ្សេងទៀត នៅតាម​មាត់​ស្ទឹង និង​ក្បែរៗ​តំបន់​នេះ គឺមាន​រមណីយដ្ឋាន​ទេសចរណ៍ ពិសេសៗ​ជាច្រើន​ទៀត ក្នុងនោះ​មានដូចជា ផា​រ៉ា​ដាយ​រី​ស៊​ត​, តំបន់​អភិវឌ្ឍន៍ ឡុង វ​ឌ្ឍ​នា ប្រាក់ សុជាតា អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​, តំបន់​អភិវឌ្ឍន៍ អឹម​ឌី​អេស​…​ដែលមាន​កន្លែង​សម្រាក បោះតង់ មាន​ទឹកអូរ​ហូរ​រ៉ឹ​មៗ មាន​សេវាកម្ម​ម្ហូបអាហារ និង​ទី​ទស្សនា​ទេសភាព​ជាច្រើន​ទៀត ពោលគឺ ៣៦០​ដឺ​ក្រេ​តែម្ដង​។​

​ការ​ជិះ​កាណូត ឬ​ទូក​ទស្សនា​កម្សាន្ត​នៅតាម​ដងស្ទឹង​មេទឹក ក៏​ជា​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ ពីព្រោះ​សម្រស់​ធនធានធម្មជាតិ​នៅ​អម​សងខាង​ស្ទឹង សុទ្ធតែ​អាច​ផ្ដល់នូវ​អារម្មណ៍​ស្រស់ស្រាយ ដល់​មិត្ត​អ្នកទេសចរ​គ្រប់ៗ​គ្នា​។​ ​ចេញពី​តំបន់​ស្ទឹង​មេទឹក​នេះហើយ ភ្ញៀវទេសចរ​យើង​ប្រាកដជា​ឆ្ពោះទៅ​ច្រក​ថ្មដា ដែលជា​ច្រកព្រំដែន​រវាង​កម្ពុជា​-​ថៃ ពោលគឺ​រវាង​ខេត្តពោធិ៍សាត់ និង​ខេត្ត​ត្រាត​។

​នៅ​ទីនោះ​ភ្ញៀវទេសចរ​ក៏​អាច​ឆ្លងកាត់​ទៅ​លេខ​ខេត្ត​ត្រាត​បានដែរ ដែលមាន​ផ្សារ​លក់ដូរ​ម្ហូបអាហារ ផ្លែឈើ នំចំណី​ជាប់មាត់​ស​មុ​ត្រ និង​មាន​របស់របរ​មួយចំនួនទៀត​។ ការបើក​ឱ្យចូល​ទៅ​ទស្សនា​នៅ​ខេត្ត​ត្រាត​នេះ គឺមាន​ការបើក​ជា​ចន្លោះ​ថ្ងៃ មានន័យថា បើក​មួយថ្ងៃ ខាន​មួយថ្ងៃ តែដោយសារ​តែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ទាំង​ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​ផ្អាក​ការចេញចូល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​មួយ​រយះ​សិន​។​

​មួយវិញទៀត ការ​មក​ទស្សនា​តំបន់​ទេសចរណ៍​នៅក្នុង​ស្រុក​វាលវែង​នេះ ភ្ញៀវទេសចរ ក៏​អាច​ទិញ​ម្ហូប ជា​គ្រឿង​សមុទ្រ​យកមក​ទទួលទាន​បាន ឬ​អាច​កម្មង់​ទិញយក​ទៅធ្វើ​ម្ហូប​ទទួលទាន នៅ​គេហដ្ឋាន​វិញ​ក៏បាន​។​ ​អាកាសធាតុ​នៅក្នុង​តំបន់​នេះ គឺមាន​សភាព​ត្រជាក់​ស្រួល នៅពេល​សម្រាក​នាពេល​យប់ ញាំ​ង​ឱ្យ​ការ​ទស្សនា និង​សម្រាកលម្ហែ​នៅតាម​តំបន់​ទេសចរណ៍ នៃ​ស្រុក​វាលវែង កាន់តែ​ទទួលបាន​នូវ​ភាព​មនោ​រម្យ​គួរ​ជាទី​សុខដុម​។ ​នេះ​មិនទាន់​និយាយ​អំពី​តំបន់​ទេសចរណ៍​ផ្សេងៗ​ទៀត ដែល​កំពុង​ត្រៀមចាំ​ស្វាគមន៍​ភ្ញៀវទេសចរ​នោះ​នៅឡើយ​។ នៅតាម​ផ្លូវ​ដំណើរ ជីវភាព​ប្រជាជនមាន​ការរស់នៅ​សម្បូរ​សប្បាយ ខណៈ​ការរស់នៅ​របស់​ពួកគាត់ គឺ​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ ដើមឈើ ចម្ការ​ដំណាំ នៅក្បែរៗ​នឹង​ផ្ទះ​របស់​ប្រជាជន​៕​

    

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close