លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បានប្រកាស​បញ្ជូន​យន្តហោះ​យោធា​ជួយ​ជម្លៀស​មនុស្ស​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

​ខណៈដែល​អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី ខា​ម៉ា​ឡា ហារី​ស កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បុរី​នោះ លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បានប្រកាស​ស្ម័គ្រចិត្ត​បញ្ជូន​យន្តហោះ​ដឹកជញ្ជូន​យោធា (MRTT) នៃ​កងទ័ពអាកាស​សិង្ហ​បុរី (RSAF) ប្រភេទ A330 ដើម្បី​ទៅ​ជួយ​សហរដ្ឋអាមេរិក ជម្លៀស​មនុស្ស​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​យន្តហោះ​យោធា A330 RSAF MRTT របស់​កងទ័ពអាកាស​សិង្ហ​បុរី មាន​សមត្ថភាព​អាច​ដឹក​មនុ​ស្សបាន ២៦៦​នាក់ ឬ​ជា​ទំនិញ​បាន ៣៧​តោន ហើយក៏​អាច​ប្រើប្រាស់​ដើម្បី​ដឹក​បុគ្គលិក​ដែល​បាន​រងរបួស ឬ​មាន​ជំងឺ​ផងដែរ​។​

​ជុំវិញ​ដំណើរការ​ខាងលើនេះ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​ជម្រាប​ទៅកាន់​លោកស្រី​អនុ​ប្រធានាធិបតី (​ហារី​ស​) រួចហើយ​ថា យើង​បានដឹង​អំពី​ដំណើរការ​ជម្លៀស​មនុស្ស ដោយ​សហរដ្ឋអាមេរិក ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ប្រទេស​សិង្ហ​បុរី​នឹង​ផ្តល់​ឲ្យ​សហរដ្ឋអាមេរិក នូវ​ការប្រើប្រាស់​យន្តហោះ (A330 RSAF MRTT) ដើម្បី​ជួយ​ដល់​ដំណើរ​ការជម្លៀស​នោះ​»​។​

​គួរ​បញ្ជាក់ថា ការ​ថ្លែង​របស់លោក Lee Hsien Loong ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ កំលុង​កិច្ច​ទទួល​ស្វាគមន៍​ដំណើរ​មកដល់ នៃ​អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី ហារី​ស មកកាន់​ប្រទេស​អាស៊ាន​មួយ​នេះ​។ លោកស្រី ហារី​ស បាន​មកដល់​ទឹកដី​សិង្ហ​បុរី​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ដោយ​ស្ថិតក្នុង​គោលដៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​អាមេរិក ចំពោះ​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ឬ​បើ​និយាយ​ឲ្យ​ចំ គឺ​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ប្រមូលផ្តុំ​កម្លាំង ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close