ស្ថានភាពទឹកជន់លិច នៅតំបន់ទំនាបមួយចំនួន ក្នុងខេត្តព្រះសីហនុ!
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីនៅយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង០៥:០០នាទីល្ងាច ដល់ម៉ោង០៨:០០នាទីយប់ មានភ្លៀងក្នុងកម្រិតបង្គួរ ទៅខ្លាំង ដោយកម្រិតទឹកភ្លៀងកើនឡើងពីចន្លោះ១២០មម ទៅដល់២៧៩មម សរុបបរិមាណទឹកភ្លៀង ២៨៥៨,១មម បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០:០០នាទីយប់ ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
បើយោងតាមការព្យាករណ៍នឹងមានករណីភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅខេត្តព្រះសីហនុ ដូច្នេះរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើរតាមដងផ្លូវជម្រាលភ្នំ និងទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។