អាជ្ញាធរជាតិអប្សរា រៀបចំជួសជុលពង្រឹងខឿនរួតបាកាណ នៅអង្គរវត្ត
ខេត្តសៀមរាប៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ត្រៀមអនុវត្តគម្រោងជួសជុលពង្រឹងខឿនរួតបាកាណ ដោយរៀបចំពិធីបួងសួងតាមទំនៀមទម្លាប់បុរាណដើម្បីធ្វើការជួសជុល កាលពីថ្ងៃទី២៤ សីហា កន្លងទៅ។
លោក ម៉ៅ សុខនី ប្រធានគម្រោងជួសជុល នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ មានប្រសាសន៍ថា គម្រោងនេះ នឹងអនុវត្តរយៈពេល៥ឆ្នាំ ក្នុងបំណងដើម្បីពង្រឹងខឿនរួតបាកាណឱ្យរឹងមាំឡើងវិញ ក្រោយស្ថានភាពថ្មមានការធ្លាក់ និងញែកចេញពីគ្នា។ លោក ម៉ៅ សុខនី បន្ថែមថា៖« យើងកំពុងសិក្សាចែកភិនភាគថ្ម វាមានថ្មដំបូល ថ្មហោជាង ចែកវាឱ្យដាច់ ស្រួលពេលយើងរៀបចំទៅវិញ»។
តាមការបញ្ជាក់ពីប្រធានគម្រោង ស្ថានភាពខឿនរួតបាកាណ នៃប្រាសាទអង្គរវត្តនេះ មានការហែក ខ្លះបម្រុងធ្លាក់ ហើយក្រុមការងារ នឹងរៀបចំរុញថ្មទាំងនោះឱ្យទៅទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។ លោក ម៉ៅ សុខនី បញ្ជាក់ថា គម្រោងជួសជុលនេះ មិនប៉ះពាល់ដល់ការទស្សនារបស់ភ្ញៀវទេសចរទេ ព្រោះថា ការជួសជុលនឹងបែងចែកជាជ្រុងៗ និងជាដំណាក់កាលៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។