រកឃើញមេរោគកូវីដ១៩បំប្លែងថ្មី ដែលតា នៅក្នុងប្រទេសកម្ពុជា ១ ៥៣៤ករណីហើយ!
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី នៅក្នុងប្រទេសកម្ពុជា ចំនួន ១ ៥៣៤ករណីហើយ គិតត្រឹមនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ។ មេរោគនេះ បានគ្រប់ដណ្តប់ស្ទើរទូទាំងរាជធានីខេត្ត លើកលែងតែខេត្តចំនួន២ប៉ុណ្ណោះ។
តាមសេចក្តីប្រកាសបានបញ្ជាក់ថា រាជធានី ខេត្ត ដែលមានការឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ច្រើនជាងគេមានដូចជា រាជធានីភ្នំពេញ ៤៥០នាក់ បន្ទាយមានជ័យ ២៨៦នាក់ ឧត្តរមានជ័យ២០៧នាក់ និងសៀមរាប ១៧៨នាក់ជាដើម ខណៈដែលដទៃទៀតមានមេរោគនេះក្នុងកម្រិតតិចតួច និងក្រោម១០០ករណី។ ដោយឡែកខេត្តដែលមិនទាន់មានឆ្លងមេរោគថ្មីនេះ គឺខេត្តកែប និងខេត្តក្រចេះ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយ លុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្ដាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅ ទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យ ស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩»សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។