វត្តមានសត្វស្លាបកម្រ ថតបានក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី
រូបភាពដ៏ស្រស់ស្អាតនៃប្រភេទសត្វស្លាបកម្រ ដែលកំពុងរងគ្រោះ និងជិតផុតពូជនៅលើសកលលោកចំនួន៤ប្រភេទរួមមានសត្វក្រៀល សត្វត្រយ៉ងយក្ស ឬឪលើក សត្វត្រដក់តូច និងសត្វកុកពាក់អំបោះបានថតបានក្នុងដែនជម្រកសត្វព្រៃកែវសីមា។
រូបភាពសត្វស្លាបទាំងនេះទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់ដោយក្រុមស្រាវជ្រាវរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមការគាំទ្រពីគម្រោង CAMPAS ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវតាមដានវត្តមានសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
សត្វស្លាបកម្រទាំងនេះ មានតិចតួចណាស់ក្នុងដែនជម្រកសត្វព្រៃកែវសីមា ជាក់ស្តែងសត្វក្រៀល ដែលជា ប្រភេទសត្វស្លាបកំពុងរងគ្រោះ និងមានតម្លៃជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) មានតែប្រមាណ៥ក្បាលប៉ុណ្ណោះដែលក្រុមស្រាវជ្រាវប្រទះឃើញក្នុងដែនជម្រកសត្វព្រៃកែវសីមា។
បច្ចុប្បន្ន មន្ត្រីឧទ្យានុរក្ស និងក្រុមស្រាវជ្រាវកំពុងខិតខំការពារសំបុកពងកូនរបស់សត្វស្លាបទាំងនេះ ក្នុងរដូវកាលបន្តពូជ និងពងកូនចាប់ពីខែមិថុនា និងវិច្ឆិកា។ ដូច្នេះដើម្បីចូលរួមចំណែកក្នុងការអភិរក្សសត្វព្រៃ ក៏ដូចជាប្រភេទសត្វស្លាបកម្រទាំងនេះ សូមចូលរួមការពារសំបុកពងកូនរបស់វា កុំបរបាញ់ កុំដាក់អន្ទាក់ កុំដាក់ថ្នាំបំពុល កុំបរិភោគសាច់សត្វព្រៃ និងចូលរួមការពារទីជម្រកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។