កម្ពុជា ចាត់វិធានការចំពោះក្រុមហ៊ុនដែលយកស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» កំពុងដាក់លក់នៅអាមេរិក
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋមេរិក ដែលបានចេញផ្សាយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថា ថ្មីៗនេះ ស្ថានទូត បានរកឃើញករណីចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិក នូវផលិតផលគុយទាវក្រោមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយនៅលើសំបកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រសាទអង្គរវត្ត” កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ីក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក។
ជាមួយគ្នា ស្ថានទូតកម្ពុជា បានបញ្ជាក់ថា ការប្រើប្រាស់ពាក្យនិងម៉ាក «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាក គុយទាវភ្នំពេញ បានធ្វើឱ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំ អំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់។
ករណីនេះ កម្ពុជា បាននិងកំពុងចាត់វិធានការលើក្រុមហ៊ុននាំចូលគុយទាវក្រៀមកញ្ចប់ ដែលបានយកស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» បន្លំដាក់លើផលិតផលគុយទាវរបស់ពួកគេ ហើយកំពុងដាក់លក់នៅសហរដ្ឋមអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។