ខេត្តព្រះសីហនុ ចុះសំអាតឆ្នេរ បន្ទាប់ពីទឹកជន់ខ្លាំង
កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បុគ្គលិកអនាម័យក្រុង ក្រុមហ៊ុនសំរាម និងក្រុមការងារយុវជនក្រុម៨ខេត្តព្រះសីហនុ បានសហការគ្នាចុះប្រមូលសំរាមនៅតំបន់ឆ្នេរអូរឈើទាល២ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីភ្លៀងខ្លាំងបណ្តាលឱ្យមានសំរាមជាច្រើននៅរាយប៉ាយតាមមាត់ឆ្នេរ។
សកម្មភាពនេះ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុលើកឡើងថា គឺជាគំរូដ៏ល្អមួយ ដើម្បីចូលរួមចំណែកសម្អាតអនាម័យបរិស្ថាន និងបានបង្កើនសោភ័ណភាពតំបន់ឆ្នេរឱ្យស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។
ជាមួយគ្នានេះរដ្ឋបាលខេត្តព្រះសីហនុ ក៏លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមសម្អាតអនាម័យបរិស្ថាន និងត្រូវគ្រប់គ្រងវេចខ្ចប់ទុកដាក់សំរាម និងកាកសំណល់ឱ្យបានល្អ ដើម្បីចូលរួមចំណែកការថែរក្សាអនាម័យបរិស្ថាន និងលើកស្ទួយសោភ័ណ្ឌភាពទីក្រុងរបស់យើងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។