អភិបាលខេត្តព្រះសីហនុ ជម្រុញឲ្យមន្ត្រីជំនាញ សិក្សាបន្ថែមនូវប្រព័ន្ធលំហូរទឹក ដើម្បីរំដោះជំនន់ទឹកភ្លៀង
ខេត្តព្រះសីហនុ៖ កាលពីចុងសប្តាហ៍នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសិក្សាបន្ថែមនូវប្រព័ន្ធលំហូរទឹកដើម្បីរំដោះជំនន់ទឹកភ្លៀង នៅក្នុងព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្តារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ទៅតាមនិយាមកាប្លង់ប្រព័ន្ធសុរិយោដី ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សា និងកុំឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្រុង អាជ្ញាធរខេត្ដ ដោយធ្វើការវេចខ្ចប់ទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ កុំបោះចោលសំរាមចូលក្នុងអូរប្រឡាយ ដែលធ្វើឱ្យមានការកកស្ទះលំហូរទឹក និងជាផ្នែកមួយដែលបង្កឱ្យមានការជន់លិចផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។