អាល់កុលក្លែងក្លាយជិត ៣០តោន ត្រូវបានដកហូតនៅតាមតូបលក់ដូរ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បាននចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១ ១៨៦.៥០លីត្រ ដែលបានដាក់តាំងលក់នៅតាមបណ្តាឱសថស្ថាន និងផ្ទះលក់ទំនិញនានា។ បន្ទាប់ពីបានរកឃើញការចរាចរណ៍អាល់កុលក្លែងក្លាយទាំងនេះ មន្ត្រីជំនាញ បានធ្វើការស្រាវជ្រាវរកប្រភពផ្គត់ផ្គង់ និងឈានទៅកំណត់ទីតាំងឃ្លាំងស្តុកនិងចែកចាយមួយកន្លែងដែលស្ថិតនៅសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយទទួលបានកិច្ចសហការពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទទួលផែនសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងស្តុកខាងលើ ដោយបានរកឃើញ អាល់កុលក្លែងក្លាយឬមេតាណុលចំនួន ៧៥៦ប៊ីដុង និង៧៩១យួរ ស្មើនឹង ២៧ ៤២៦លីត្រ បន្ថែមទៀត។
សរុបអាល់កុលក្លែងក្លាយដែលបង្ក្រាបបាននៅថ្ងៃនេះ មានចំនួន២៨ ៦១២.៥០លីត្រ ដែលមានទម្ងន់ប្រមាណជាង២៨តោន។ បច្ចុប្បន្ន អាល់កុលក្លែងក្លាយខាងលើ ត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត៕





កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។