ទាហាន​អាម​រិ​ក​ចុងក្រោយ ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​បញ្ចប់សង្គ្រាម​រយៈ​២០​ឆ្នាំ​

ក្រុម​តា​លី​បង់​បាន​បាញ់កាំភ្លើង​អបអរសាទរ ក្រោយ​យុទ្ធនា​ការជម្លៀស​ពលរ​ដ្ឋ ក៏ដូចជា​កម្លាំង​ទាហាន​បណ្តា​ប្រទេស​លោកខាងលិច​បានបញ្ចប់​ទៅ នៅ​ថ្ងៃទី ៣០​ខែសីហា បញ្ចប់សង្គ្រាម​រយៈពេល​យូ​បំផុត​របស់​អាមេរិក គឺមាន​រយៈពេល ១៩​ឆ្នាំ ១០​ខែ និង ២៥​ថ្ងៃ នៅលើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ទាហាន​អាមេរិក បានប្រកាស​រូបភាព​ចុងក្រោយបង្អស់​នៃ​កម្លាំង​ទាហាន​អាមេរិក ឡើង​យន្តហោះ​ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​យប់​ថ្ងៃទី ៣០​ខែសីហា​។ មន្ទីរ​បញ្ច​កោណ​អាមេរិក​បានប្រកាសថា ទាហាន​ចុងក្រោយបង្អស់​របស់​អាមេរិក​ចាក​ចេញពី​ទីក្រុង​កា​ប៊ុល​មុន​ការគ្រោងទុក​ដល់​ទៅ​២៤​ម៉ោង​។​

​សារព័ត៌មាន Daily Mail របស់​អងគ្លេស​បាន​ផ្សាយ​ថា កម្លាំង​ទាហាន​ម្នាក់​ចុងក្រោយ​គេ​បង្អស់​ក្នុងចមណោម ទាហាន​១៨ នាក់​របស់​អាមេរិក បាន​ឡើង​យន្តហោះ​ចាកចេញ​ពី​ទីក្រុង​កា​ប៊ុល​។ តាម​ការប្រកាស​របស់​កម្លាំង​ទាហាន​អាមេរិក នៅលើ​បណ្តាញ​សង្គម​Twitter បង្ហាញ​ឲ្យ​ឃើញថា មេទ័ព​ផ្កាយ​ពីរ លោក Chris Donahue​មេបញ្ជាការ​កម្លាំង​ទាហាន​អាកា​សលេខ ៨២ របស់​អាមេរិក បានធ្វើ​ដំណើរ​ឡើង​យន្តហោះ​ក្រោយ​គេ​បង្អស់​ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ឧ​ត្ត​ម​សេនីយ៍ Frank McKenzie ប្រធាន​ទីប​ញ្ចា​ការ​អាមេរិក​មានប្រសាសន៍​ពី​ទីក្រុង​វ៉ាស៊ីនតោន​ថា អាមេរិក​បានបញ្ចប់ ការចាកចេញ​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅវេលា​ម៉ោង ១៥ និង​២៩​នាទី ថ្ងៃទី ៣០​ខែសីហា (​ត្រូវ​និង​ម៉ោង​២​និង​២៩​នាទី​ព្រឹក​ថ្ងៃទី​៣១​ខែសីហា​ពេលវេលា​នៅ​កម្ពុជា​)​។​

​តាម​បណ្តាញ​ព័ត៌មាន​CNN បាន​ដកស្រង់​សំដី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​លោក John Kirby បាន​បញ្ជាក់ថា គិតពី​ខែកក្កដា​ដល់​ថ្ងៃទី ៣០​ខែសីហា មាន​មនុស្ស​សរុប ១២២​ពាន់​នាក់​បាន​ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​កា​ប៊ុល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close