នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអូរតែ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ជាន់ទី១២ ស្លាប់យ៉ាងអាណោចអធម៌ ដោយមិនដឹងមូលហេតុ
នារីវ័យក្មេងម្នាក់ ដែលគេសង្ស័យថាជាជនជាតិបរទេស បានធ្លាក់ពីលើអូរតែ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយគេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។
សពនារីរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយសង្ស័យរូបនាងជាជនជាតិចិន មានវ័យជាង២០ឆ្នាំ ស្លាប់ផ្គាប់មុខ ស្លៀកខោខ្លី ពាក់អាវដៃវែង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ ពួកគាត់មិនដឹងថានារីរងគ្រោះមានបញ្ហាអ្វីនោះទេ ដោយបានត្រឹមតែឃើញនារីរងគ្រោះធ្លាក់ពីលើអូរតែ ពីជាន់ទី១២មកកដល់ដីស្លាប់ភ្លាមៗតែម្ដង ដោយមិនដឹងថា ជាករណីឃាតកម្ម ឬក៏ករណីអត្តឃាតឡើយ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានយកខ្សែនគរបាលមកព័ទ្ធជំុវិញទីតាំងនោះកុំឲ្យបាត់ដាន ដែលពិបាកដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងកោសល្យវិឆ័យ។ បន្ទាប់មកសមត្ថកិច្ចបានដឹកសពយកមកដម្លល់នៅវត្តស្ទឹងមានជ័យ រងចាំស្រាវជ្រាវរកសាច់ញាតិមកចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។