សម្តេចក្រឡាហោម ស ខេង៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា កើតឡើង ១៩៩លើក មានអ្នកស្លាប់ ១២៣នាក់ ក្នុងខែសីហា
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញនូវរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ដែលបណ្តាលឲ្យ អត្រាជនរងគ្រោះបាត់បង់ជីវិតមានការកើនឡើង នៅពេលដែលអត្រាអ្នករងរបួសមានចំនួនថយចុះ ធៀបនឹងខែកក្កដា កន្លងទៅនេះ។
សម្តេច បញ្ជាក់ថា ជាប្រការគួរឱ្យសោកស្ដាយបំផុតនោះដ្បិតតែនៅក្នុងខែសីហា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ១៩៩លើក ថយចុះចំនួន៩លើក ហើយអ្នករងរបួសមានចំនួន២៤១នាក់ ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ មានដល់ទៅ១២៣នាក់ ដែលកើនរហូតដល់ទៅ១៦នាក់ធៀបនឹងខែកក្កដាមុននេះ ដែលមានអ្នកស្លាប់ចំនួន១០៧នាក់។
ជាការកត់សម្គាល់ កំណើនអ្នក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហានេះ គឺការធ្វើដំណើរ នៅក្នុងឱកាសនៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ចំនួន១៥នាក់ របួស ៣២នាក់ និងការធ្វើដំណើរនៅ រៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរា ចរណ៍មានកំណើនឡើងវិញ។ ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០២១នេះ បើប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ២០២០កន្លងទៅវិញ គឺបានថយចុះចំនួន៧៩លើក ស្មើនឹង ២០ភាគរយ និងរបួសបានថយចុះចំនួន១៩៩នាក់ ស្មើនឹង៤៥ភាគ រយ គឺកើនតែអ្នកស្លាប់ចំនួន២ នាក់ស្មើនឹង២ភាគរយ។
ជាថ្មីម្ដងទៀត សម្តេច សូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ សូមមានស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។
ក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។