ប្រទេសចិន និងឥណ្ឌូនេស៊ី ចាប់ផ្តើមបើកបវេសនកាល ទោះបីនៅមានការឆ្លងកូវីដ​១៩

នៅថ្ងៃទី១ ខែកញ្ញាម្សិលមិញ គឺជាថ្ងៃបើកបវេសនកាលរបស់សាលាមត្តេយ្យ សាលាបឋមសិក្សា និងមធ្យមសិក្សានៅតំបន់ភាគច្រើននៃប្រទេសចិន។ ចំណែកនៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញក្រោយរយៈពេលជាងមួយឆ្នាំបិទទ្វារសាលារៀនដោយសារតែការឆ្លងកូវីដ-១៩កើនឡើងខ្ពស់នោះ នៅពេលនេះឥណ្ឌូនេស៊ីបានចាប់ផ្តើមបើកទ្វារទទួលសិស្សឲ្យចូលរៀនវិញហើយក្រោយពីមានករណីឆ្លងកូវីដ -១៩ ថយចុះជាបន្តបន្ទាប់។

សារព័ត៌មាន AP បានរាយការណ៍ថា សរុបមានសាលារៀនចំនួន៦១០កន្លែងដែលគ្រប់លក្ខខណ្ឌដើម្បីបើកទ្វារទទួលសិស្សចូលសិក្សាឡើងវិញ។ សាលារៀនទាំងនោះត្រូវធានាវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ឲ្យបានល្អបំផុត។ ទន្ទឹមនឹងនោះការរៀនដោយផ្ទាល់និងបូកបញ្ចូលជាមួយការរៀនពីចម្ងាយ ហើយពេលវេលារៀននៅសាលានឹងកើនឡើងបន្តិចម្តងៗតាមការវាយតម្លៃស្ថានភាពនៃកូវីដ-១៩ របស់រដ្ឋាភិបាល។

ក្នុងពេលចូលសាលាដំបូង សិស្សសាលាបឋមសិក្សានឹងទៅសាលារៀន៣ថ្ងៃក្នុងមួយសប្តាហ៍។ ចំណែកសិស្សមធ្យមនឹងទៅសាលា៤ថ្ងៃក្នុងមួយសប្តាហ៍ និងសិស្សវិទ្យាល័យទៅសាលា៥ថ្ងៃក្នុងមួយសប្តាហ៍។ ពេលដំបូង រដ្ឋាភិបាលទីក្រុងចាការតា មានគម្រោងបើកដំណើរការសាលារៀននៅខែមិថុនា ប៉ុន្តែត្រូវផ្អាកវិញដោយសាតែរលកកូវីដ-១៩ ថ្មីប្រភេទដែលតាវាយប្រហារប្រទេសនេះ។

អភិបាលរងទីក្រុងចាការតា លោក Ahmad Riza Patria បានឱ្យដឹងថា រដ្ឋាភិបាលសង្ឃឹមថានឹងបើកទ្វារសាលារៀនទាំងអស់ឡើងវិញនៅខែមករាឆ្នាំ២០២២។ តាមតួលេខរបស់រដ្ឋាភិបាល ទីក្រុងចាការតា សរុបមានសាលារៀនចំនួន ៥.៣៤១កន្លែងទាំងបឋមសិក្សា និងមធ្យមសិក្សា។

កាលពីថ្ងៃទី៣១ ខែសីហាប្រទេសឥណ្ឌូនេស៊ី​ត្រូវ​រាយការណ៍ថា បានរកឃើញករណីឆ្លងសរុប១០.៥៣៤ករណី គឺជាចំនួនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែចុងក្រោយនេះ។ ឥណ្ឌូនេស៊ីជាប្រទេសមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លងសរុបជាង ៤លាននាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close