តើអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយលើកយកមកពិចារណាឬទេក្រោយបែកធ្លាយទំនិញគេចពន្ធរាប់រយតោននាំចេញតាមច្រកទ្វារអូរស្មាច់
ឧត្តរមានជ័យ ៖ ក្រោយពីមានការបែកធ្លាយទំនិញគេចពន្ធរាប់រយតោន ដែលដឹកកជញ្ជូនដោយរថយន្ដម៉ាកយីឌុបចំនួនបីគ្រឿងចូលតាមច្រកទ្វារអន្ដរជាតិអូរស្មាច់ កាលពីកន្លងទៅថ្មីៗនេះ រហូតមកដល់ពេលនេះ។ តេីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)របស់ឯកឧត្ដម ឱម យិនទៀង លើកយកមកពិចារណាដែរឬទេ?
សព្វថ្ងៃនេះ ច្រកទ្វារអន្តរជាតិអូស្មាច់មួយនេះ កំពុងតែល្បីរន្ទឺសុះសាយថា ជាប្រភពមួយសំរាប់នាំទំនិញគេចពន្ធធំជាងគេចូលមកក្នុងប្រទេសកម្ពុជា ដែលគេកំពុងដាក់ការសង្ស័យថា មេក្លោងដែលបង្ហូរទំនិញគេចពន្ធទាំងនោះគឺលោក យូ ហេង ប្រធានសាខាគយខេត្តឧត្ដរមានជ័យ និងលោក គួន សុភាព ប្រធានស្នាក់ការគយនិងរដ្ឋាករ ប្រចាំនៅច្រកទ្វាអន្តរជាតិអូរស្មាច់។
ក្រោយសមត្ថកិច្ចធ្វើការឃាត់រថយន្ដយីឌុបចំនួនបីគ្រឿងដែលបានដឹកទំនិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ សមត្ថកិច្ចពិនិត្យឃើញថា ទំនិញដែលដឹកក្នុងរថយន្ដ រាប់រយតោនអត់មានពន្ធបង្កាន់ដៃពន្ធគយទាំងអស់ ហេីយត្រូវបានអ្នកមានអំណាចអន្តរាគមន៍អោយដោះលែងវិញ ក្រោយសមត្ថកិច្ចធ្វើការឃាត់ទុកអស់រយះពេលជាងបីម៉ោង។ ទំនិញទាំងនោះ ត្រូវបានគេដាក់ការសង្ស័យថា នៅតែបន្ដដឹកជញ្ជូនទំនិញគេចពន្ធរាប់រយតោនដដែល ដែលមានរថយន្ដរាប់សិបគ្រឿងដឹកជញ្ជូនដង្ហែជួរគ្នានៅពេលយប់។ ត្រង់ចំណុចនេះហើយដែលធ្វើអោយមានការបាត់បង់កញ្ចប់ថវិការរដ្ឋដ៍ច្រើនមហិមា គួរណាតែអង្គភាពប្រឆាំងអំពើពុករលួយ(ACU)របស់ឯកឧត្ដម ឱម យិនទៀង លើកយករឿងនេះយកមកពិចារណាដើម្បីរក្សាប្រាក់ចំណូលរបស់រដ្ឋដែលកំពុងតែប្រឈមក្នុងការបាត់បង់ដោយមន្រ្ដីខិលខូចមួយចំនួន ដែលនាំគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដៃទៅៗ។
ជុំវិញករណីខាងលើនេះ លោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្ដរមានជ័យនៅប្រកាន់គោលជំហរថា គ្មានទំនិញគេចពន្ធទេ គឺសុទ្ធតែមានការបង់ពន្ធត្រឹមត្រូវទាំងអស់។ ចំណែកលោក គួន សុភាព មេគយច្រកទ្វាអន្តរជាតិអូរស្មាច់ មិនអាចស្វែងរកការបកស្រាយបានទេជុំវិញករណីខាងលើ៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។