សាលារៀន៦០ភាគរយនៅខេត្តសៀមរាប គ្រោងនឹងបើកសាលារៀនឡើងវិញ
លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា មន្ទីរអបរំយុវជន និងកីឡាខេត្តសៀមរាប គ្រោងនឹងអនុញ្ញាតឱ្យបើកដំណើការឡើងវិញ គ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិត ប្រមាណ៦០ភាគរយនៃសាលារៀនសរុប និងគ្រឹះស្ថានសិក្សា ឯកជនប្រមាណជិត១០០ភាគ ដំណើការឡើងវិញក្នុងពេលឆាប់ខាងមុខនេះ។
លោកថា គម្រោងបើកឱ្យដំណើរការគ្រឹះស្ថានសិក្សានេះ ត្រូវអនុវត្តនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តសៀមរាប ចំពោះតែទីតាំងគ្រឹះស្ថានសិក្សាណា ដែលមានហានិភ័យទាប មានការពិនិត្យវាយតម្លៃពីស្ថានភាពជាក់ស្តែង របស់គណៈកម្មការសាលា ដែលមានអាជ្ញាធរដែនដី មាតាបិតាសិស្ស និងអ្នកពាក់ព័ន្ធប៉ុណ្ណោះ។ បន្ថែមពីនេះ សាលារៀនទាំងអស់ ត្រូវអនុវត្តតាមវិធានការសុខាភិបាល ដូចជា រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល ឱ្យបានញឹកញាប់ និងការចូលរួមសម្អាតបរិស្ថានឱ្យបានត្រឹមត្រូវ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន ឱ្យជួបពិភាក្សាជា មួយអភិបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីដំណើរការបើកសាលារៀនឡើងវិញ គ្រប់កម្រិត នៅតាមតំបន់ដែលគ្មានការឆ្លង ឬតំបន់ដែលមានហានិភ័យទាបនៃជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។