អភិបាលរាជធានីភ្នំពេញ ប្រាប់​ឲ្យ​ខណ្ឌទាំង១៤ សម្អាតទីតាំងសាលារៀន ត្រៀម​បើក​សាលា​ឡើងវិញ

ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មកដល់ពេលនេះស្ថានភាពជំងឺកូវីដ១៩ បានថមថយហើយ យើងអាចបើកសាលារៀនឱ្យសិស្សានុសិស្សបានចូលរៀនវិញហើយ ពិសេសនៅកន្លែងដែលមានហានិភ័យទាប ។

ក្នុងនោះ​លោក​អភិបាល​ក៏​បានជំរុញ​ដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសម្អាតអនាម័យ បរិស្ថាន ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសាលាឱ្យបានស្អាត។ បន្ថែមពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងសុំអន្តរាគមន៍ពីកងទ័ព ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាបន្ថែមទៀត នៅពេលធ្វើពិធីបើកសាលាឱ្យចូលរៀនឡើងវិញ។

បើតាមលោក ឃួង ស្រេង កន្លងមក​សាលារៀនមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសុខាភិបាលយកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩ តែចាប់ពីពេលនេះតទៅ អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញដូចជា នៅទីតាំងរៀបអាពាហ៍ពិពាហ៍ ព្រីមៀរ សែន សុខជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close