វ៉ាក់សាំងជាង១៥លានដូស អាមេរិកបោះចោល ដោយផុតកំណត់ប្រើប្រាស់
ប្រទេសក្រីក្រជាច្រើនមិនទាន់មានវ៉ាក់សាំងចាក់ជូនពលរដ្ឋ ចំណែកប្រទេសអ្នកមាន ទុកវ៉ាក់សាំងរហូតដល់ផុតកំណត់យកទៅបោះចោលរាប់លានដូស។ ក្នុងពេលនេះ អាមេរិកបានបោះបង់ចោលវ៉ាក់សាំងរហូតដល់ទៅ១៥លានដូស ដែលជាចំនួនយ៉ាងច្រើន ខណៈប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំង ចាក់ជូនពលរដ្ឋផង។
តាមតួលេខរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក CDC បានបញ្ជាក់ថា ទីតាំងចាក់វ៉ាក់សាំងនានានៅអាមេរិក មិនសូវមានពលរដ្ឋទៅចាក់ឡើយ ទាំងនោះហើយបានធ្វើឲ្យវ៉ាក់សាំងជាច្រើនផុតកំណត់ ។ សរុបមានវ៉ាក់សាំងដល់ទៅ ១៥,១លានដូសបានបោះចោលនៅថ្ងៃទី ១ខែកញ្ញា។ រដ្ឋដែលបោះបង់វ៉ាក់សាំងចោលច្រើនជាងគេ គឺរដ្ឋ Texas, North Carolina, Pennsylvania និង Oklahoma ។
សារព័ត៌មាន Straitstimes បានផ្សាយថា មូលហេតុដែលបោះបង់ចោលវ៉ាក់សាំងច្រើនបែបនេះគឺដោយសារតែបញ្ហាមួយចំនួន ដូចជាការរក្សាក្នុងទូត្រជាក់ ឬ ក៏បើកហើយចាក់ជូនពលរដ្ឋមិនទាន់អស់ ក្នុងរយៈពេលប៉ុន្មានម៉ោង និងត្រូវខូច។ តាមការលើកឡើងរបស់ CDC តួលេខនៃការបោះចោលវ៉ាក់សាំងនៅមានតិចនៅឡើយបើប្រៀបធៀចំនួនវ៉ាក់សាំងដែលបានប្រើប្រាស់។
មកដល់ថ្ងៃនេះអាមេរិកបានចាក់វ៉ាក់សាំងជូនពលរដ្ឋសរុប ៣៦០លានដូស ក្នុងចំណោមវ៉ាក់សាំង ៤០០លានដូសបានចែកចាយចាក់ជូនពលរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ អាមេរិកក៏បានចែកចាយវ៉ាក់សាំងចំនួន ១០០លានដូសទៅកាន់ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក តាមកម្មវិធី COVAX របសអង្គការសុខភាពពិភពលោក។ មានពលរដ្ឋអាមេរិក ៧២% មានអាយុចាប់ពី ១២ឆ្នាំឡើងបានចាក់វ៉ាក់សាំងមួយដូស និង ៦១,៥% បានចាក់វ៉ាក់សាំងគ្រាប់ចំនួនពីរដូស។ ជាមួយគ្នានេះដែរអាមេរិកមានគម្រោងចាក់វ៉ាក់សាំងដូសបំពេញបន្ថែម គឺដូសទីបីនៅថ្ងៃទី២០ខែកញ្ញា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។