អាជ្ញាធររាជធានីភ្នំពេញ អះអាងថា រដូវវស្សាឆ្នាំនេះ នៅរាជធានីភ្នំពេញ ឈប់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ
ភ្នំពេញ៖ មន្ត្រីជំនាញ នៃសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេល ១៨ថ្ងៃ ដែលមានភ្លៀងធ្លាក់ខ្លាំង រាជធានីភ្នំពេញ មិនមានការលិចលង់ ដោយជំនន់ទឹកភ្លៀងទៀតនោះទេ ក្រោយពី ដាក់ឱ្យដំណើរការលូខ្នាតធំអាងក្រោមដី ម៉ាស៊ីនកាយ សំរាមស្វ័យប្រវត្តិ និងស្ថានីយ បូមទឹកថ្មីវត្តភ្នំ ជាតំបន់ដែលធ្លាប់លិចទឹកធ្ងន់ធ្ងរនៅជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ។
មន្ដ្រីជំនាញរូបនោះ បានឱ្យដឹងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ថា កន្លងមក នៅ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានដាក់ឱ្យដំណើរការលូខ្នាតធំបណ្តោះអាសន្ន ក្នុង រយៈ ពេល៣ថ្ងៃ ពិនិត្យឃើញថា ស្តុបផ្សារមាន់អាំង ផ្លូវលេខ៥៩២ មុខវិទ្យាល័យឥន្ទ្រទេវី មានភាព ល្អប្រសើរ មិនមានរងការលិចទឹកភ្លៀងទៀតដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីរដ្ឋបាល រាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់មេត្តា ចូលរួមសម្អាតសំរាមដែលកកស្ទះនៅមុខអណ្តូងលូ ឬនៅមុខផ្ទះរៀងៗខ្លួនឱ្យបានស្អាតផង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក Tosh ikazu TOKIOKA លេខាទី១ ស្ថានទូតជប៉ុន និងលោកស្រី Aya TOKUMOTO តំណាងអង្គការJICA ក៏បានចូលរួមក្នុង ពិធីដាក់ឱ្យដំណើរការម៉ាស៊ីនត្រងសំរាមដោយស្វ័យប្រវត្តិនៅសួនច្បារមាត់ទន្លេ CDC ក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលជាផ្នែកមួយនៃគម្រោងការពារទឹកជំនន់ជំហានទី៤ របស់ ប្រទេសជប៉ុនផងដែរ។
គម្រោងនេះបានដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែល មានទំហំចាប់ពីអង្កត់ផ្ចិត ១.៥ ម៉ែត្រដល់២.៣ ម៉ែត្រសាងសង់អាងក្រោមដី ដែលស្តុកទឹក បាន៦៥០០០ម៉ែត្រគុប មានបណ្តោយ១៣៥ ម៉ែត្រ ទទឹង១៣ម៉ែត្រ ជម្រៅ៤ម៉ែត្រ និងសាងសង់ស្ថានីយបូមទឹកថ្មីមានសមត្ថភាពបូមទឹក១.៤ ម៉ែត្រគុបក្នុង១វិនាទី ហើយ គម្រោងនេះដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ មានផ្លូវលេខ៤៧ ផ្លូវលេខ៩០ និងផ្លូវលេខ៩២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។