ថៃ និង​វៀតណាម មាន​អ្នកស្លាប់ ២៧១​នាក់​ទៀត​ដូចគ្នា ដោយសារ​កូ​វីដ​១៩

​ក្រសួងសុខាភិបាល​វៀត​ណា​ម​និង​ថៃ​សុទ្ធតែ​បានប្រកាស​ពី​ការស្លាប់​មនុស្ស​ព្រោះ​ជំងឺ​កូ​វីដ​១៩ ចំនួន​២៧១​នាក់​ដូចគ្នា ក្នុងពេល​ប្រមាណ​២៤​ម៉ោង​ចុងក្រោយ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុងស្រុក​នៃ​ប្រទេស​ទាំងពីរ​។​

Bangkok Post បានចេញ​ផ្សាយ នា​ព្រឹក​ថ្ងៃទី​៣ កញ្ញា​ថា ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ ថៃ​មាន​ឆ្លង​ថ្មី ១៤៦៥៣​នាក់​បន្ថែមទៀត និង​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​ចំនួន​២៧១​នាក់​ទៀត​។​

​រីឯ​ទីភ្នាក់ងារ​ព័ត៌មាន VNexpress បានចេញ​ផ្សាយ​ថា កាលពី​ថ្ងៃ​២ កញ្ញា វៀតណាម​មាន​ឆ្លង​ថ្មី ចំនួន​១៣១៨៦​នាក់​បន្ថែមទៀត និង​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​ចំនួន​២៧១​នាក់​ទៀត ពោលគឺ​ចំនួន​មនុស្ស​ស្លាប់​គឺ​ដូចនឹង​តួលេខ​របស់​ប្រទេស​ថៃ ខុស​តែ​ចំនួន​ឆ្លង​ដែល​ថៃ​ច្រើនជាង ក្នុងពេល​ដូចគ្នានេះ​។​

​មកទល់ពេលនេះ ថៃ​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​កូ​វីដ​១៩ ចំនួន​១២៣៧៤​នាក់ ខណៈ​វៀតណាម​ស្លាប់​កើន​ដល់ ១២១៣៨​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close