សម្តេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជា
នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងអញ្ញើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ជាលទ្ធផលនៃការអញ្ជើញចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនភាព ដោយក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំប្រទេសសំខាន់ៗ ។

តាមរយៈពិព័រណ៍ចិន-អាស៊ានលើកទី១៥ ក៏បានជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង ជាការលើកស្ទួយពាណិជ្ជកម្ម វិនិយោគ រវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន ក៏ដូចជាកម្ពុជាផងដែរ។
សំរាប់វេទិកាសេដ្ឋកិច្ចពិភពលោកវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមនិងចែករំលែកទស្សនៈវិស័យ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ាន ដើម្បីឈានទៅការពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបានកាន់តែល្អប្រសើរឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។