ក្រសួង​អប់រំ​កែប្រែ​លទ្ធផល​ប្រឡង​បាក់​ឌុប ធ្វើ​ឲ្យ​អ្នក​ជាប់​និទ្ទេស A កើន​ដល់​ជាង​៤​រយ​នាក់​

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់ខ្លួន​នៅ​រសៀល​ថ្ងៃនេះ​ថា ដោយសារតែ​ដំណើរការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់។​

​បន្ទាប់ពី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​រួច លទ្ធផល នៃ​ការប្រឡង​គឺ​ត្រូវបាន​កែប្រែ ដោយ​ក្នុងនោះ​មាន​បេក្ខជន​ជាប់​សរុប​ចំនួន ៧៦,០៣៤​នាក់ ក្នុងនោះ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨​នាក់ , និទ្ទេស B ចំនួន ២,២២២​នាក់ និទ្ទេស C ចំនួន ៦,០៤១​នាក់ និទ្ទេស D ចំនួន ១៥,១៨០​នាក់ និង​និទ្ទេស E ចំនួន ៥២,១៨៣​នាក់​។​

​ក្រសួង​បាន​បញ្ជាក់ថា បញ្ហា​បច្ចេកទេស​នេះ គឺ​ប៉ះពាល់​តែ​ថ្នាក់​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ ដោយ​មិន​ប៉ះពាល់​ដល់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​នោះទេ​។​

​តាម​ការបញ្ជាក់​របស់​ក្រសួង​អប់រំ ក្រសួង​នឹង​ចេញ​លទ្ធផល​ប្រឡង​ថ្មី​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្អែក​នេះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង និង​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅតាម​មន្ទីរអប់រំ យុវជន និង​កីឡា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close