កម្ពុជា រកឃើញមេរោគកូវីដ១៩ បំប្លែងថ្មីដែលតា សរុប ២ ៦៤៧នាក់ហើយ!
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ មេរោគបំប្លែងថ្មី ដែលតា សរុប ២,៦៤៧នាក់ហើយ។ រាជធានីភ្នំពេញ មានចំនួនច្រើនជាងគេ រហូតដល់ ៤២៣នាក់។ មកដល់ពេលនេះ មានតែខេត្តកែប និងក្រចេះតែប៉ុណ្ណោះ ដែលមិនទាន់មានមេរោគបំប្លែងថ្មីនេះ។
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ថា មេរោគបំប្លែងថ្មីដែលតានេះ រកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស។
ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា តាមលទ្ធផលនេះ បង្ហាញឱ្យឃើញថា មេរោគដែលតា បាននិងកំពុងបន្តរាតត្បាតវាយ លុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត។
ជាមួយគ្នា ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តក្រើនរំលឹក និងអំពាវនាវដោយទទូចដល់សាធារណជនទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។