ចោរប្រុងចាក់ម្ចាស់ស្ថានីយ៍ប្រេងមួយនៅខណ្ឌដង្កោ តែត្រូវម្ចាស់ចាក់វិញស្លាប់
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៣នាក់ បានស្លាប់ ខណៈដែលព្យាយាមចូលក្នុងស្ថានីយប្រេងឥន្ធនៈតេលាមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងខណ្ឌដង្កោ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បម្រុងលួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានប្រតាយប្រតប់ជាមួយបុរសចំណាស់ម្នាក់ដែលជាម្ចាស់ស្ថានីយ។
តាមសេចក្តីរាយការណ៍ថា ជនសង្ស័យបានយកកាំបិតចាក់កជ្រូកចាក់ត្រូវករបស់ម្ចាស់ស្ថានីយ៍ប្រេងបណ្តាលឱ្យរបួសធ្ងន់ តែពេលនោះក៏ត្រូវបានជនរងគ្រោះចាប់កាំបិតជាប់ រួចចាក់តបទៅវិញបណ្តាលឱ្យជនសង្ស័យរងរបួសធ្ងន់ ហើយព្យាយាមរត់គេចរហូតដួលដាច់ខ្យល់ស្លាប់។ ចំណែកជនរងគ្រោះដែលរងរបួសត្រង់ក ត្រូវបានបញ្ជូនទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យក្បែរនោះ។
បើយោងតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលនៅក្បែរស្ថានីយខាងលើ បានបញ្ជាក់ថា ករណីនេះបានកើតឡើងក្រោយសន្តិសុខពីរនាក់ប្តីប្រពន្ធ ដែលយាមកាមនៅស្ថានីយខាងលើដល់ម៉ោងសម្រាក និងត្រឡប់ទៅគេហដ្ឋានវិញ។ ចំណែកម្ចាស់ស្ថានីយ ក៏បានផ្តែផ្តាំទៅសន្តិសុខឱ្យត្រួតពិនិត្យមើលផ្នែកខាងក្រោយស្ថានីយ ដោយមានអារម្មណ៍មិនល្អ ដោយឃើញជនសង្ស័យជិះម៉ូតូទៅមកកាត់ស្ថានីយរបស់ខ្លួនជាច្រើនលើក ទើបមិនទុកចិត្ត ក៏មកយាមដោយខ្លួនឯង ក៏ជួបករណីនេះតែម្តង។
សូមបញ្ជាក់ថា នៅលើសពជនសង្ស័យ គេប្រទះឃើញមានកាបូបស្ពាយនៅចង្កេះ ទូរស័ព្ទ ដង្កាប់ និងសម្ភារផ្សេងទៀត ដែលសង្ស័យជាឧបករណ៍សម្រាប់ធ្វើសកម្មភាពលួច។
បច្ចុប្បន្ន សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការរុំខ្សែដើម្បីធ្វើកំណត់ហេតុ ចំណែកសមត្ថកិ្ចជំនាញផ្នែកកោសល្យវិច័យ បាននិងកំពុងស្រាវជ្រាវរកភស្តុតាងបន្ថែម ជុំវិញករណីនេះ ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។