ទេសចរ​ជាង ៥​ម៉ឺន​នាក់ ចេញ​ដើរ​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍​នានា ក្នុង​សប្តាហ៍​ទី​១ ខែកញ្ញា​នេះ​!

​ភ្នំពេញ​៖ ក្នុង​សប្ដាហ៍​ទី​១ នៃ​ខែកញ្ញា ឆ្នាំ​២០២១ (​ថ្ងៃទី​៤-៥) នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​ប្រមាណ​ជាង ៥​ម៉ឺន​១០៤២ នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ៥​ម៉ឺន​០១៣៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៩០៨​នាក់​។

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្តកំពត​៖ ២​ម៉ឺន​៣៧៨៧ នាក់​
* ខេត្ត​កែប​៖ ៤៩៥៥ នាក់​
* រាជធានី​ភ្នំពេញ​៖ ៤១៩០ នាក់​
* ខេត្តសៀមរាប​៖ ៤០៤៣ នាក់​
* ខេត្តតាកែវ​៖ ៣៧០២ នាក់​

​ឯកឧត្តម​ថោង ខុន បានអោយដឹងថា សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្តើរៗ​ឡើងវិញ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានសម្រេច​បិទ​បញ្ចប់​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ កាលពី​ទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ បើទោះបី​ចំនួន​ភ្ញៀវ​សរុប​នៅ​មិនទាន់មាន​ចំនួន​ច្រើន​នៅឡើយ​។​

​ឯកឧត្តម​បាន​បន្តថា រដ្ឋបាលខេត្ត​ភាគច្រើន​បានអនុញ្ញាត​ឲ្យ​មានការ​ដំណើរការ​ឡើងវិញ​សកម្មភាព​ទេសចរណ៍​នៅតាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា ក្រោម​ការគ្រប់គ្រង​ប្រកបដោយ​ភាព​ហ្មត់ចត់ និង​ប្រយ័ត្នប្រយែង ពិសេស​ការពង្រឹង​ការអនុវត្ត​វិធានការ «៣-​កុំ និង ៣-​ការពារ​» ខណៈដែល​រាជធានី​-​ខេត្ត​មួយចំនួន នៅ​បន្ត​ផ្អាក​ដំណើរការ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា​នៅឡើយ​។​

​ទន្ទឹមនឹងនេះ កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ ក្រសួងទេសចរណ៍​បានដាក់​ឲ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (​ហៅ​កាត់​ថា SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន ៤ ដែល​រួមមាន អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ អាជីវកម្ម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​អាជីវកម្ម និង​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ស្របតាម​វិធានការ​ចាំបាច់​របស់​រា​ជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ក្រសួងទេសចរណ៍​នឹង​បន្ត​ពិភាក្សា​ជាមួយ​រដ្ឋបាលខេត្ត​ផ្សេងៗ​ទៀត លើ​ការជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ដោយ​ពិនិត្យ​ពិចារណា​លើ​ការបើក​ដំណើរការ​សកម្មភាពរ​មណី​យ​ដ្ឋា​ន និង​គោលដៅ​ទេសចរណ៍​ឡើងវិញ ដោយ​ឈរលើ​អភិក្រម​បុ​រេ​សកម្ម ភាពបត់បែន និង​ជាក់ស្តែង​និយម ពិសេស​ដើម្បី​ត្រៀម​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ដែល​ជិត​មកដល់ និង​ចូលរួម​ត្រៀម​រៀបចំ​ការបើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​នៅពេល​ខាងមុខ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close