ចាប់ពីថ្ងៃស្អែកទៅ កម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅខ្លាំង ស្ទើរទូទាំងប្រទេស
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅសប្តាហ៍ខាងមុខ ពោលគឺពីថ្ងៃទី៨-១៤ កញ្ញា ប្រទេសកម្ពុជានឹងទទួលនូវឥទ្ធិពលពីសម្ពាធទាប និងវិសម្ពាធទាបចំនួន៤ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យម ទៅខ្លាំង ស្ទើរពាសពេញផ្ទៃប្រទេស។
ក្នុងនោះសម្រាប់ខេត្តនៅតំបន់វាលទំនាបកណ្តាល ដូចជា ខេត្តបាត់ដំបង, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល, ស្វាយរៀង និងរាជធានីភ្នំពេញ ផ្ទៃមេឃមានសភាពអួរអាប់ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ហើយអាចប្រឈមនឹងជំនន់ទឹកភ្លៀង។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់ករន្រ្តាក់។
ដោយឡែកតំបន់មាត់សមុទ្រវិញ អាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកខ្ពស់ៗ ហើយទន្ទឹមនោះ នៅក្នុងភូមិសាស្រ្តនៃខេត្តកោះកុង ព្រះសីហនុ និងខេត្តកំពត ក៏អាចមានជំនន់ទឹកភ្លៀងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។