ស្រា​ទំពាំងបាយជូ សញ្ញា​មាស​ហុង ជាង ១​ពាន់​ដប ត្រូវ​ដកហូត ក្រោយ​មាន​មនុស្ស​ស្លាប់ ៣​នាក់

ភ្នំពេញ​៖ បន្ទាប់ពី​បាន​ស្រាវជ្រាវ​រកឃើញ​មូលហេតុ ដែល​ម​ណ្តា​ល​ឱ្យ​មនុស្ស​ចំនួន​៣​នាក់ ស្លាប់បាត់​បង់ជីវិត​កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ និង​បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ និង​ឆែកឆេរ​ទីតាំង​ផលិត និង​ចែកចាយ​ស្រា​នានា ដើម្បី​ប្រមូល​វត្ថុតាង​សម្រាប់​ដាក់បន្ទុក ជាពិសេស​ដើម្បី​ការពារ​អាយុ​ជីវី​ត​ប្រជាពលរដ្ឋ ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ ពី​ការបរិភោគ​ស្រា​ទំពាំងបាយជូ​ឬ​ស្រាស​នេះ នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​បន្ត​នីតិវិធី ចុះ​ត្រួតពិនិត្យ និង​ប្រមូល​ត្រឡប់មកវិញ​នូវ​ផលិតផល​ស្រា​ទំពាំងបាយជូ និង​ស្រាស សញ្ញា​មាស ហុង នៅ​បណ្តា​ទីតាំង​ចែកចាយ និង​កន្លែង​លក់​ស្រា​ក្នុង​រាជធានី​ភ្នំពេញ​។

​ផលិតផល​ស្រា​ទំពាំងបាយជូ និង​ស្រាស សញ្ញា​មាស ហុង ត្រូវបាន​មន្ទីរពិសោធន៍ អគ្គនាយកដ្ឋាន​ក​.​ប​.​ប​.​រកឃើញ​មាន​វត្តមាន​សារធាតុ​មេ​តា​ណុល​ក្នុង​កម្រិត​ខ្ពស់ ដែល​អាច​បង្ក​ឱ្យស្លាប់​បាត់បង់​ជីវិត ប្រសិនបើ​បរិភោគ​ស្រា​នេះ​ក្នុង​កម្រិត​កំណត់​មួយ​។​ ​លទ្ធផល​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​រកឃើញ​និង​ប្រមូល ស្រា​ទំពាំងបាយជូ និង​ស្រាស សញ្ញា​មាស ហុង​បាន​ចំនួន ១,២៥៣​ដប ស្មើនឹង​៦២៧ លីត្រ មក​រក្សាទុក​ដើម្បី​កំទេចចោល​។​

​ជាថ្មី​ម្តងទៀត​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដើម្បី​ការពារ​អាយុជីវិត​រប​ស់លោក​អ្នក សូម​បញ្ឈប់​ជាបន្ទាន់​ការបរិភោគ​ស្រា​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ពិសេស​ស្រា​ទំពាំងបាយជូ និង​ស្រាស​សញ្ញា​មាស ហុង​។

​សូម​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់​សូម​បញ្ឈប់​ការលក់ និង​ចែកចាយ​ស្រា​ទំពាំងបាយជូ​និង​ស្រាស​សញ្ញា​មាស ហុង និង​សូម​ទាក់ទង​ប្រគល់ជូន​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. ដើម្បី​ធ្វើការ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close