ពេលនេះ​ការ​អង្គុយ​រៀន​លាយ​លំ​ប្រុស​ស្រី លេង​មាន​ទៀតហើយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

​រយៈពេល ២០​ឆ្នាំ ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ មាន​អាមេរិក​និង​លោកខាងលិច​នៅ​ពិ​ក្រោយ ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងប្រុស​ស្រី មាន​សិទ្ធិសេរីភាព​ពេញលេញ ដូច​បណ្តា​ប្រទេស​លោកខាងលិច​ផងដែរ ។ ប៉ុន្តែ ចាប់ពី​ថ្ងៃទី​១៥​ខែសីហា ឆ្នាំ​២០២១ ពេល​ក្រុម​តា​លី​បង់​ប្រកាស់​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល និង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងមូល ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​បារម្ភ​ខ្លាច​ធ្លាក់​នៅក្នុង​ស្ថានភាព​ដូច​កាលពីមុន​ឆ្នាំ​២០០១​។​

​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​ន ក្រុមនិស្សិត​បានចាប់ផ្តើម​វិលត្រឡប់​ចូល​សាលា​វិញ​ហើយ ចាប់តាំងពី​ក្រុង​តា​លី​បង់ គ្រប់គ្រង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន ។ សាលា​មួយចំនួន​បានដាក់​រនាំង​នៅ​កណ្តាល​ដើម្បី​បែងចែក​និស្សិត​ប្រុស​និង​ស្រី​ដាច់ដោយឡែក ។​

​រាល់​សកម្មភាព នៅតាម​សាលារៀន​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវបាន​សហគមន៍​អន្តរជាតិ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ដោយមាន​បំណង​ចង់​ឲ្យ​ក្រុម​តា​លី​បង់​គោរព​សិទ្ធ​ស្ត្រី ដើម្បី​ទទួល​បានការ​ជំនួយ​ក៏ដូចជា ការសន្យា​បង្កើន​ទំនាក់ទំនង​ការបរទេស​ជាមួយ​ក្រុម​តា​លី​បង់​។​

​ក្នុង​រយៈពេល​ក្រុម​តា​លី​បង់​កាន់អំណាច​នៅ​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០១ ក្រុម​តា​លី​បង់​ធ្លាប់បាន​ហាមប្រាម​សិស្សស្រី​ចូលរៀន និង​ហាម​ស្ត្រី​ទៅធ្វើ​ការ​ឬ​ចេញ​ក្រៅ​តែម្នាក់ឯង​ដោយ​មិនមាន​បុរស​ទៅជា​មួយ​។​

​បើទោះបី​ក្រុម​តា​លី​បង់​បាន​សន្យា ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​ស្ត្រី​ទៅតាម​ច្បាប់​អ៊ីស្លាម ប៉ុន្តែ​នៅពេលនេះ​គេ​មិនទាន់​ដឹងថា ក្រុម​តា​លី​បង់​នឹង​អនុវត្ត​បែបណា​នោះឡើយ គឺ​គោរព​តាម​អ្វីដែល​បាន​សន្យា​ដែរឬទេ​។​

​គ្រូបង្រៀន​និង​និស្សិត សិស្ស​នៅតាម​សាលា​នានា​ក្នុង​ទីក្រុង​ធំៗ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដូចជា ទីក្រុង​កា​ប៊ុល កាន់​ដា​ហារ និង Herat បានសម្រេច​ឲ្យ​សិស្ស​ប្រុស​ស្រី កាត់ផ្តាច់​ពីគ្នា ដោយមាន​រនាំង​បាំង​នៅ​កណ្តាល​ថ្នាក់​។ មិនតែប៉ុណ្ណោះ​បរិវេណ​សាលា​ខ្លះ​ក៏បាន​បែងចែក​សិស្ស​ប្រុស​ស្រី​ដាច់ដោយឡែក​ផងដែរ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close