ក្រសួង ប្រកាស​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី Delta​ថ្មី ៦៦៩​ករណី​ទៀត សរុប​កើនឡើង ៣,៣២៣​ករណី​ហើយ​!

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​មួយ ដោយ​បញ្ជាក់ថា កម្ពុជា​បាន​រកឃើញ​មេរោគ​កូ​វីដ​១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ Delta​ថ្មី​ចំនួន ៦៦៩​ករណី​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​កើន​ដល់ ៣ ៣២៣​ករណី គិត​រហូតមក​ដល់ពេលនេះ ដោយ​រីក​រាលដាល​នៅ​រាជធានី​ខេត្ត​ចំនួន​២៤ លើកលែងតែ​ខេត្ត​កែប​មួយ​ប៉ុណ្ណោះ​។

​ជាមួយគ្នា ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ក្រើនរំលឹក​ជាថ្មី និង​អំពាវនាវ​ដោយ​ទទូច​ដល់​សាធារណជន​ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ការពារ​ខ្លួន កុំ​ភ្លេចខ្លួន​ឱ្យសោះ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅរ​បស់​ខ្លួន​ឱ្យស្រប​តាម​ពាក្យស្លោក​ដែលថា «​រៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុស​កូ​វីដ​-១៩ តាមបែប​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង ជំងឺ​កូ​វីដ​-១៩»​។ ការធ្វើ​បែបនេះ​សំដៅ​បង្ការ គ្រប់គ្រង និង​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​កូ​វីដ​-១៩ ជាពិសេស​ពពួក​ប្រភេទ​បំប្លែង​ថ្មី​នេះ ឬក៏ ប្រភេទ​ថ្មី​ផ្សេងទៀត ដែល​អាច​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ជាយថាហេតុ​ណាមួយ​។​

​ក្រសួងសុខាភិបាល បានកត់សម្គាល់​ផងដែរ​ថា ការចម្លង​មេរោគ​នាបច្ចុប្បន្ន​នេះ មាន​សន្ទុះ​កើនឡើង​លើ​យុវវ័យ ដែល​ក្រុម​នេះ​បាន​ដើរចេញ​ក្រៅ​ផ្ទះ​ច្រើន ឬ​មានការ​ជួបជុំ​មិត្ត​ភ័ក្ដិ​។ ក្រសួង​អំពាវនាវ​ដល់​យុវវ័យ​គ្រប់រូប​បង្កើន​ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​ការចម្លង​មេរោគ​កូ​វីដ​១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close