កម្មពៀរទាន់ហន់មែន! ​​​បញ្ជូន​​​អាជីវករ​​​ផ្សារ​​​ព្រៃទា​​​៤​​​នាក់​​​ទៅ​​​តុលាការ​​​ក្រោយ​​​ពី​​​ព្រួតគ្នា​ប្រេីហិង្សា​​​​ចាប់​​​ក្មេង​​​ស្រីជំទង់​​​ម្នាក់​​​វាយ ហើយ​​​កោរ​​​សក់​​​ដោយ​​​ចោទ​​​ថា​​​លួច​​​ទូរស័ព្ទក្នុង​​​ផ្សារ

ភ្នំពេញ ៖ ​ក្រោយពីវីដេអូ នៃការចាប់ទាត់ធាក់ និងកោរសក់ ដែលជាអំពើឃោរឃៅដែលប្រព្រឹត្តឡើងដោយដោយក្រុមអាជីវករផ្សារព្រៃទា៤នាក់ ទៅលើក្មេងស្រីជំទង់កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook ធ្វើឱ្យមហាជនខ្លះរិះគន់ចំពោះសកម្មភាពល្មើសច្បាប់នោះ ត្រូវបានអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បញ្ជូនកម្លាំងចុះទៅស៊ើបអង្កេតដើម្បីឃាត់ខ្លួនជនហិង្សានិយមទាំងនោះចាត់ការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា ព្រះរាជ អាជ្ញាបានបញ្ជាឱ្យឃាត់ខ្លួន ក្រុមអាជីវករផ្សារព្រៃទា ចំនួន ៤នាក់ និងចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ក្រោយប្រើប្រាស់អំពើហិង្សា និងចាប់ក្មេងស្រីជំទង់ម្នាក់កោរសក់ ដោយសង្ស័យលួចទូរស័ព្ទនៅក្នុងផ្សារនោះ។ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា យើងសុំគោលការណ៍ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងទទួលបន្ទុក និងឯកឧត្តមស្នងការ គឺបញ្ជូនជនសង្ស័យទាំង៤នាក់ ឡើងតុលាការដើម្បីចាត់វិធានការណ៍ និងដើម្បីឱ្យពួកគាត់ស្គាល់ពីនីតិវិធីច្បាប់តែប៉ុណ្ណោះ និងឈប់ប្រើហិង្សាបន្ដទៀត។ ហើយករណីនេះដើម្បីលើកកម្ពស់ច្បាប់ និងសេចក្តីថ្លៃថ្នូរ។

បើតាមលោកអធិការ សកម្មភាពប្រើប្រាស់អំពើហិង្សានេះ មិនអាចបណ្ដែតបណ្ដោយបែបនេះទៀតបាននោះទេ។ លោកបានពន្យល់ថា ក្មេងស្រីដែលលួចទូរស័ព្ទនេះ បើនិយាយអំពីទោស គឺទោសពីបទលួច ប៉ុន្ដែការប្រើហិង្សា ឬប្រើតុលាការប្រជាជននេះ ខុសនីតិវិធីច្បាប់យ៉ាងស្រឡះ។ ព្រោះពលរដ្ឋមានសិទ្ធិត្រឹមតែចាប់បញ្ជូនជនសង្ស័យទៅ នគរបាលយុត្តិធម៌ ដើម្បីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតែប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក យឹម សារ៉ាន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់អំពើហិង្សាទៅលើ “ជនសង្ស័យ” នៅពេលចាប់ខ្លួនបាន ពោលត្រូវបញ្ជូនទៅកម្លាំងនគរបាលមូលដ្ឋាន ដើម្បីចាត់ការបន្ដតាមនីតិវិធី ព្រោះថាពេលខ្លះការប្រើប្រាស់អាចបណ្ដាលឱ្យជនល្មើសស្លាប់ ឬពេលខ្លះជននោះ​ សមត្ថកិច្ចមិនទាន់កំណត់រកឃើញបទល្មើសនៅឡើយទេ។

សូមជម្រាបថា អាជីវករផ្សារព្រៃទាចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោយ​ពាក់ព័ន្ធចាប់ស្ដ្រី ជាជន សង្ស័យជាចោរលួចម្នាក់ និងធ្វើទារុណកម្មលើរូបរាងកាយ ហើយកោរសក់ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ។ ចំណែកក្មេងស្រីជនសង្ស័យ ដែលអាជីវករចាប់កោរសក់ និងប្រើប្រាស់ហិង្សានោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីហៅមកសួរនាំដូចគ្នាដែរ ព្រោះថាក្រោយពេលកើតហេតុអាជីវករ បានដោះលែងត្រឡប់ទៅវិញ៕

ក្មេងស្រីជនសង្ស័យ

បុរសដែលចាប់កោរសក់ក្មេងស្រីជនសង្ស័យ

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close