ក្រសួងបរិស្ថាន អំពាវនាវដល់ពលរដ្ឋ បន្តការចូលរួមប្រមូលសំណល់ថ្មពិល!
សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ដោយសារសំណល់នេះមានផ្ទុកសារធាតុគ្រោះថ្នាក់ពពួកលោហះធ្ងន់ មានជាអាទិ បារត សំណ កាត់ម្ញ៉ូម សង្ក័សី និង នីកែល ។ សារធាតុគ្រោះថ្នាក់ដែលមានផ្ទុកនៅក្នុងសំណល់អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន នៅពេលសាយភាយចូលទៅក្នុងបរិស្ថានតាមរយះការទុកដាក់សំណល់នេះមិនបានត្រឹមត្រូវ ។
ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ពីសំណល់ថ្មពិលចូលទៅក្នុងបរិស្ថាន និង ដើម្បីការពារសុខភាពមនុស្ស សូមវេចខ្ចប់ និងយកសំណល់ថ្មពិលមកទុកក្នុងធុងដែលក្រសួងបរិស្ថាន បានដាក់ នៅតាមបុរី ស្ថានីយប្រេងឥន្ធះ ផ្សារទំនើប ។ កន្លងមកក្រសួងបរិស្ថានបានដាក់ធុងប្រមូលថ្មពិលនៅបុរីប៉េងហួតបឹងស្នោ ស្ថានីយ៍ប្រេងឥន្ធះភីធីធី (និរោធ បូកគោ វត្តនាគវន្ត័ និង ផ្សារតូច ) ផ្សារទំនើបអេអន១ នរត្តមជីមម៉ុងម៉ល់ និងផ្សារទំនើបជីមម៉ុងបាក់ទូក។
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានដាក់ធុងប្រមូលថ្មពិលបន្ថែមនៅតាមទីតាំងផ្សារទំនើប ចំនួន ៨ទៀត រួមមាន ផ្សារទំនើប សូរិយា ផ្លាហ្សា ឡាក់គី Exchange Square Eden Garden អូឡាំព្យា ស្ទឹងមានជ័យថ្មី និងធីខេ ហើយនឹងនៅស្ថានីយប្រេងឥន្ធនៈតូតាល់ និងតេលា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ យកសំណល់ថ្មពិលមកទុកក្នុងធុងប្រមូលថ្មពិល។ នៅពេលខាងមុខ ក្រសួងបរិស្ថាន នឹងបន្តពង្រីកវិសាលភាពនៃការដាក់ធុងថ្មពិលនេះតាមទីតាំងសំខាន់ៗបន្ថែមទៀតនៅតាមបណ្តារខេត្តទូទាំងប្រទេស។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ និងការចូលរួមក្នុងការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល។ ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះ ដើម្បីបរិស្ថានយើង គ្មានសំណល់ថ្មពិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។