ក្រោយ​មានការ​ទាមទារ ក្រុម​តា​លី​បង់​បាន​សន្យា​ផ្តល់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​

​កន្លងមក​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន បាននាំគ្នា​ធ្វើបាតុកម្ម ក្រោយ​ក្រុម​តា​លី​បង់​ប្រកាស​រដ្ឋាភិបាលបណ្តោះអាសន្ន​មិនមាន​ស្ត្រី​ចូលរួម ។ នៅពេលនេះ​អ្នកនាំពាក្យ ក្រុម​តា​លី​បង់ Zabihullah Mujahid បាន​ឲ្យ​ដឹងថា ក្នុងពេល​អ​នា​គត់​រដ្ឋាភិបាល​ថ្មី​អា​ហ្វ​ហ្គា​នី​ស្ថាន នឹងមាន​តំណែង​សម្រាប់​ស្ត្រី​។ កាលពី​ថ្ងៃទី ៧​ខែកញ្ញា​ក្រុម​តា​លី​បង់​បានប្រកាស​រដ្ឋាភិបាលបណ្តោះអាសន្ន ប៉ុន្តែ​មិនមាន​ស្ត្រី កាន់តំណែង​ជា​រដ្ឋមន្ត្រី​នោះឡើយ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​តា​លី​បង់ Zabihullah Mujahid​កាលពី​ថ្ងៃទី ៨​ខែកញ្ញា បាន​បញ្ជាក់ថា​«​នេះ​គ្រាន់តែ​ជា​រដ្ឋាភិបាលបណ្តោះអាសន្ន​ប៉ុណ្ណោះ ។ យើង​នឹងមាន​ច្បាប់​និយាយ​ពី​ស្ត្រី​តាមច្បាប់ Sharia ។ នេះ​ជា​ជំហាន​ដំបូង ហើយ​យើង​នឹង​ផ្តល់​តំណែង​ដល់​ស្ត្រី ដែលជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល ក្នុងដំណាក់កាល​ទី​ពីរ​»​។​

​នៅ​ថ្ងៃទី​៨​ខែសីហា​ពលរដ្ឋ​នៅ​ទីក្រុង​កា​ប៊ុល​នាំគ្នា​ធ្វើបាតុកម្ម នៅ​តំបន់ Dashte Barchi ភាគ​ខាងលិច​ទីក្រុង​កា​ប៊ុល ដោយ​ទាមទារ​ធានា​ដល់​ការចូលរួម​របស់​ស្ត្រី​ក្នុងការ​ដឹកនាំ​ប្រទេស​។ ជាមួយគ្នានេះ ស្ត្រី​ជាច្រើន​ក៏បាន​ជួបជុំគ្នា​នៅ Kunduz ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​រដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងប្រទេស​នេះ​។​

​អង្គការ​ស្ត្រី​របស់​អង្គការសហប្រជាជាតិ​(UN Women) នៅ​ថ្ងៃទី ៨​ខែកញ្ញា បានបង្ហាញ ការខកចិត្ត​យ៉ាងខ្លាំង ពី​សម​សភាព​រដ្ឋាភិបាល​ថ្មីរ​ប់ស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​មិនមាន​តំណែង​ណាមួយ​សម្រាប់​ស្ត្រី ។ អង្គការ UN Women បាន​លើកឡើងថា បានទទួល​ព័ត៌មាន​ជាច្រើន ស្តីពី​ការហាម​ប្រាម​ស្ត្រី​ចាក​ចេញពីផ្ទះ​។​

​មេដឹកនាំ​ក្រុម​តា​លី​បង់ លោក Hibatullah Akhundzada កន្លងមក​បាន​ឲ្យ​ដឹងថា អា​ហ្វ​ហ្គា​នី​ស្ថាន​និង​គ្រប់គ្រង​ទៅតាម​ច្បាប់ Sharia ។ ទន្ទឹមនឹងនោះ​មេដឹកនាំ​តា​លី​បង់​បញ្ជាក់ថា សិទ្ធិមនុស្ស និង​ក្រុម​ជនជាតិភាគតិច​ទទួល​បានការ​ការពារ​តាមច្បាប់​អ៊ីស្លាម ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close