សង្ស័យប្រច័ណ្ឌ ដកកាំភ្លើងបាញ់សម្លាប់ខាងស្រី រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ
បុរសម្នាក់ និងស្ត្រីម្នាក់ បានដេកស្លាប់ឱបគ្នា នៅក្នុងបន្ទប់ ដោយគេបាន អះអាងថា ខាងប្រុស ជាអ្នកបាញ់ខាងស្រី រួចបាញ់សម្លាប់ខ្លួនឯង តាមក្រោយ ហើយករណីនេះ គេបានដាក់ការសង្ស័យថា បណ្ដាលមកពីរឿងប្រច័ណ្ឌ ច្រើនជាង ពីព្រោះអត្តឃាតជន និងស្ត្រីរងគ្រោះ ទាំង២នាក់ ជាសង្សារ ទើបនឹងស្គាល់គ្នាថ្មីៗ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតដាក់ក្លិបទ្រូហ្វេស ដែលមានទីតាំង នៅផ្លូវលេខ ៩០ កែងផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនដៃដល់ មានឈ្មោះ ឌុច សុភា អាយុជាង ៣០ ឆ្នាំ មុខរបរ សន្តិសុខ និងជាមន្ត្រីយោធា យាមនៅកន្លែងកើតហេតុ ខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ទូច សំអាង ហៅ ម៉ាក់ស្រីកា មានអាយុជាង ៤០ ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនប្រុស ស្រី ៣ នាក់ និងមានមុខរបរ លក់ដូរ ស្នាក់នៅ ម្តុំកន្លែងកើតហេតុដែរ។
បើតាមការបញ្ជាក់របស់លោកគ្រូពេទ្យ រាជធានីភ្នំពេញ ដែលបានធ្វើកុសល្យវិច័យ បានបញ្ជាក់ យ៉ាងច្បាស់ថាៈ ស្ត្រីរងគ្រោះ ខាងស្រី ត្រូវបានខាងប្រុសបាញ់ចំបំពង់ ក ធ្លាយទៅឆ្អឹងជំនីខាងឆ្វេង។ ចំណែកឯជនដៃដល់ ក៏បានបាញ់ខ្លួនឯង តាមក្រោយ ចំសៀតផ្កា ខាងឆ្វេង ធ្លាយទៅសៀតផ្កាខាងស្ដាំ បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងកើតហេតុតែម្ដង។
បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថាៈ ហេតុការណ៍ផ្ទុះអាវុធបាញ់សម្លាប់គ្នានេះ គឺកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកម្ល៉េះ ដោយមុនកើតហេតុ រវាងជនរងគ្រោះ និងជនដៃដល់ ដែលជាសង្សារនឹងគ្នា បានឈ្លោះប្រកែកគ្នា ពុំដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ ប៉ុន្តែគេសង្ស័យថា អាចជារឿងប្រច័ណ្ឌ ទើបឈានដល់ខាងប្រុស បានប្រើកាំភ្លើងខ្លីមួយដើម ម៉ាកK54 បាញ់ទៅលើនារីរងគ្រោះ មួយគ្រាប់ ចំត្រង់ចំណុច បំពង់ ក ធ្លាយទៅឆ្អឹងជំនីស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់មក ខាងប្រុស ក៏បានបាញ់សម្លាប់ខ្លួនឯង តាមក្រោយ ចំសៀតថ្កាខាងឆ្វេង ធ្លាយទៅស្តាំ ចំនួនមួយគ្រាប់ ស្លាប់ភ្លាមៗដែរ។
ប្រភពព័ត៌មាន បានបន្តទៀតថាៈ ហេតុការណ៍ ពុំមានអ្នកណាដឹងនោះទេ លុះរហូតឈានដល់វេលាព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបមានសន្តិសុខម្នាក់ទៀត ដល់ម៉ោងប្ដូរវេនយាម បានមកដល់ទីតាំង មិនឃើញជនដៃដល់ ចេញមកប្តូរវេន ក៏ឡើងទៅមើល នៅបន្ទប់ខាងលើ ស្រាប់តែឃើញ បុរសរូបនោះ ដេកស្លាប់ ជានារីម្នាក់ ដែលគេស្គាល់ថា ជាសង្សារនឹងគ្នា ស្លាប់ទាំង២នាក់ ទើបបង្កភាពភ្លាក់ផ្អើល ដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ច ចុះអន្តរាគមន៍ ធ្វើកោសល្យវិច័យតែម្តង។
ក្រោយពីក្រុមគ្រូពេទ្យ បានចុះធ្វើកោសល្យវិច័យ និងតេស្តសំណាក របស់ជនរងគ្រោះ បញ្ជាក់ថា ជនរងគ្រោះទាំង 2 នាក់នោះ មិនមានការឆ្លងកូវីដ19 នោះ ក៏បានប្រគល់សព ទៅឲ្យក្រុមគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។