ក្រសួងសុខាភិបាល ណែនាំឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ១៩
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ១៩។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ថានភាពនៃការចម្លងនៃវីរុសកូវីដ-១៩ នៅបណ្តាប្រទេសលើសកលលោក និងក្នុងតំបន់មិនទាន់មានការធូរស្បើយនៅឡើយ ជាក់ស្តែងរហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើពិភពលោក មានករណីជំងឺកូវីដ-១៩ ចំនួន ២២០លាន ៥៦៣ពាន់ ២២៧នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៤លាន ៥៦៥ពាន់ ៤៨៣នាក់ ដែលបានរាយការណ៍មកអង្គការសុខភាពពិភពលោក ឯបណ្តាប្រទេសដែលមានភូមិផងរបងជាប់យើងវិញ ក៏នៅតែមានការចម្លងខ្ពស់នៅឡើយ ទោះបីជាមានការថយចុះបន្តិចក៏ដោយ។
ចំណែកកម្ពុជាយើង ដោយមានកិច្ចខិតខំប្រឹងប្រែង ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំចង្អុលបង្ហាញផ្លូវ ប្រកបដោយគតិបណ្ឌិតខ្ពស់ ដែលបានធ្វើឱ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ជាទីមោទនៈ ក្នុងអំឡុងខែសីហារហូតដល់ដើមខែកញ្ញានេះ។
ដោយឡែកនាប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថា ចំនួនករណីជំងឺ កូវីដ-១៩ មានការហក់ឡើងបន្តិច នៅតាមបណ្តាខេត្តមួយចំនួន ដែលក្នុងនោះក្រសួងសុខាភិបាលបានរកឃើញថា ករណីផ្ទុះភាគច្រើនបានកើតឡើង នៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរ នៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋយើងមានការទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ឬជួបជុំគ្នាបរិភោគជាដើម។
ក្រសួងសុខាភិបាលបន្ថែមថា ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងឆ្ពោះទៅកាន់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាលសូមអំពាវនាវដល់លោកអុំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់កុំមានអារម្មណ៍ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុង ទៅលើវ៉ាក់សាំងដែលលោកអុំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់ បានទទួលនោះទេពីព្រោះតាមរយៈអង្គការសុខភាពពិភពលោក ដែលបានចុះផ្សាយ៖ «វ៉ាក់សាំងមានប្រសិទ្ធភាព ការពារយើងមិនឱ្យឈឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងរួច គឺនៅតែអាចឆ្លងបានប្រសិនបើបុគ្គលនោះមិនបានអនុវត្តនូវវិធានការបង្ការការចម្លងវីរុសកូវីដ-១៩បានខ្ជាប់ខ្ជួនទេនោះ»។
ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយ បុគ្គល គ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ តាមដានការអនុវត្តន៍វិធានាការសុខាភិបាលនៅតាមទីតាំងនានា ជាពិសេសទីតាំងមានហានិភ័យខ្ពស់ ដូចជាទីតាំង ៣ «ជ» និងចាត់វិធានការរដ្ឋបាលសមស្របចាំបាច់។ ការចូលរួមរបស់បុគ្គល និងសហគមន៍ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតែចាំបាច់បំផុត និងត្រូវអនុវត្តជាប់ជាប្រចាំទោះជាបងប្អូនទាំងអស់បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។