ក្រុមហ៊ុនចិន ថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធិភាពខ្ពស់ប្រឆាំងនឹងវ៉រុសបំប្លែងខ្លួនថ្មី
ប៉េកាំង៖ ក្រុមហ៊ុនផលិតឱសថចិន Sinopharm បញ្ជាក់ថា វ៉ាក់សាំងដែលទើបបង្កើតថ្មីរបស់ខ្លួន ដែលផ្តោតលើវីរុសបំប្លែងខ្លួនថ្មី Delta និង Beta មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ។
លោក Zhang Yuntao ប្រធានអ្នកវិទ្យាសាស្ត្រនៃក្រុមហ៊ុន China National Biotec Group (CNBG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sinopharm បានធ្វើការកត់សម្គាល់បែបនេះ ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ China Media Group។
ក្រុមហ៊ុនបានបង្ហាញវ៉ាក់សាំងការពារចំនួន ៤ ដែលផ្តោតលើការរីករាលដាលនៃវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី Delta និង Beta ក្នុងពេលបច្ចុប្បន្ននេះ នាកំឡុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិនឆ្នាំ ២០២១ សម្រាប់សេវាកម្មពាណិជ្ជកម្ម (CIFTIS) ដែលបានរៀបចំឡើងនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៧ ខែកញ្ញាកន្លងទៅថ្មីៗនេះ។
សូមបញ្ជាក់ថា បើតាមអ្នកជំនាញចិន វ៉ាក់សាំងបង្ការជំងឺកូវីដអសកម្មដែលមានស្រាប់ ដែលបង្កើតឡើងដោយក្រុមហ៊ុនចិន Sinopharm និង Sinovac Biotech នៅតែមានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Delta និង Beta នេះបើតាមយោងតាមលទ្ធផលពីមន្ទីរពិសោធន៍ និងទិន្នន័យ real-world នៅខេត្តគ័ងទុង ភាគខាងត្បូងប្រទេសចិន និងនៅតាមបណ្តាប្រទេសមួយចំនួនទៀត ក្នុងនោះរួមមានប្រទេសស្រីលង្កា និងម៉ុងហ្គោលី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។