អ្នកឧកញ៉ា គិត ម៉េង ចាប់​ផ្តើ​ម​ប្រគល់​អំណាច​ឲ្យ​លោក ម៉ឹក សុផាន់​ណា​រ៉េត កាប់បំផ្លាញ​ព្រៃ​ឈើក្រៅ​តំបន់​បាត​អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​សារជាថ្មី​

ស​កម្ម​ភាព​កាប់បំផ្លាញ​ព្រៃ​ឈើ​ខាងក្រៅ​តំបន់​បាត​អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ បាន​ចា​ប់ក​ក្រើកឡើង​វិញ​យ៉ាង​គ្រឹក​គគ្រេង​សារជាថ្មី​ទៀត​ហើ​យ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​សេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច បន្ត​ឈូសឆាយ​សំអាត​ទីតាំង​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃ​ឈើ ដែល​បានមកពី​ការ​ឈូសឆាយ​កាលពី​ថ្ងៃទី​៣០​ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ​។​

​ករណីនេះ​ត្រូវបាន​ក្រុម​អ្នក​ឃ្លាំ​មើល​ព្រៃ​ឈើដាក់​ការសង្ស័យថា អ្នកឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​គឺជា​អ្នក​បើកដៃ បន្ត​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃ​ឈើពី​ក្រៅ​តំបន់​បាត​អាង​បែបនេះ​។​

​សហគមន៍​ជនជាតិដើម​ភាគតិច​មួយរូប​រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​សុំ​មិន​បញ្ចេញ​ឈ្មោះ បានបានរាយការណ៍ឲ្យកាសែតនិងគេហទំព័រខ្មែរ៧មករាដឹងថា រយៈ ពេល​ជាង​ដប់​ថ្ងៃ​មក​ហើយ​គាត់​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើតាម​ទឈើតាមទឹកនិងបន្តដឹកតាមរថយន្តបាកុង ចូលក្នុង​ទីតាំង​រោង​ម៉ា​ស៊ី​ន​អារ​ឈើក្បែរ​ទំនប់​វា​រី​អគ្គិសនី បាន​ចាប់​ផ្តើម​គគ្រឹកគគ្រេង​ឡើង​វិញ​ហើយ ហើយ​ថា​ឈើទាំង​នោះគេ​កាប់​ចេញពី​ព្រៃឧទ្យានជាតិវីរៈជ័យ ដែល​ស្ថិត​នៅជាប់ព្រំដែនឡាវក្នុងស្រុកសៀមប៉ាខេត្តស្ទឹងត្រែង។

​កម្មករ​អារ​ឈើមួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ឧកញ៉ា​ខ្នា និង​លោក ឧ​ត្ត​ម​សេនីយ៍ យោធា​មួយរូប​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ជ័យ បានទទួល​អាជ្ញាសិទ្ធិ​ពិសេស​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា​គិត ម៉េង ក្នុងការ​កាប់បំផ្លាញ​ព្រៃ​ឈើ និង​ដឹកជញ្ជូន​ចូលមកក្នុង​ទីតាំង​ស្តុក ដ៏​ធំ​មហិមា​មួយកន្លែង​ចម្ងាយ​៣​គីឡូម៉ែត្រ​ខាង​ជើង​ទំនប់​វា​រី​អគ្គិសនី ដើម្បី​អារច្រៀក រួច​លើកឡើង​រថយន្ត​យី​ឌុប ដឹក​បន្ត​យកទៅលក់​នៅ​ព្រំដែន​ប្រ​ទស​វៀតណាម​។​

​ប្រភព​ខាង​លើបន្តថា ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោក សាន ច​យ​ជា​មេការ​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា និង​ឈ្មោះ ឃុ​យ ជា​មេការ​របស់​ឧ​ត្ត​ម​សេនីយ៍ ម៉ឹក សុផាន់​ណា​រ៉េត បាន​កៀងគរ​ពលរដ្ឋ​រាប់ពាន់នាក់​ប្រដាប់​ដោយ​ម៉ា​សុីនត្រង់សុីន័ររាប់រយគ្រឿងនិងរថយន្តបាកុងរាប់រយគ្រឿង ឲ្យ​ចូលទៅ កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​និង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែល​ការពារ​ដោយ​ព្រះរាជ​ក្រិ​ត្យ​យ៉ាង​អនាធិបតេយ្យ ហើយ​ដឹកជញ្ជូន​ចូលទៅក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំងនោះ​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​។​

​កម្មករ​ដដែល​រូបនេះ​បន្ថែម តាម​ការប៉ាន់ស្មាន​ឈេ​ី​គ្រប់​ប្រភេទ​ដូចជា ធ្នង់ សុ​ក្រំ ស្រឡៅ គគី កកោះ និង​ឈេ​ីទាល ឈ្លីក មិនតិចជាង​២​មុ​ឺ​ន​ម៉ែត្រគូប​នោះទេ ដែល​គេ​ស្តុក​ទុក​ក្នុង​បរិវេណ​ដ៏​ធំ​រាប់​គីឡូ​ដី​ខាង​លេ​ី បន្ទាប់ពី​រាជរដ្ឋាភិបាល​បិទ​មិន​ឲ្យ​មានការ​ដឹកជញ្ជូន​ឈេ​ី​កាលពី​អំឡុង​ខែកុម្ភៈ​ឆ្នាំ​២០១៨ ហើយបរិវេណនេះត្រូវបានគេដាក់កម្លាំងប្រដាប់អាវុធ​យាមយាមកាមគ្រប់ច្រកមិនឲ្យអ្នកក្រៅចូលឡើយ។

​ប្រជា​សហគមន៍​បាន​លើកឡើងថា ព្រៃឈើ​ដែលជា​ប្រភព​ផល អនុផល​របស់​ជនជាតិ​ដើម​ភាគតិច បាន​បាត់បង់​ទាំងស្រុង ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ឈើ​មិនទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ​ទីផ្សារ​។

​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែន​ករុណា សម្ដែង​ការសោកស្តាយ ពី​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ ដែល​កម្ពុជា​មានច្បាប់​ស្ដីពី​ព្រៃឈើ និង​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន ដែលមាន​ភារកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ អនុលោម​តាមច្បាប់កំណត់ ក៏ប៉ុន្តែ​ធាតុពិត ការលបបំបាត់បទល្មើសព្រៃឈើ គឺ​គ្មាន​ប្រសិទ្ធភាព បង្ក​ឲ្យ​ក្រុម​ជនខិលខូច និង អ្នកមាន​ឥទ្ធិពល នៅតែ​មានឱកាស​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ដដែលៗ​។ លោក​បន្តថា​៖ «​បើ​ថ្នាក់ ដឹកនាំ​នៅ​បន្ត​មិន​យកចិត្តទុកដាក់ បណ្ដោយ​ឲ្យ​ក្រុម​ទាំងអស់នោះ នៅតែ​បំផ្លាញ​ធ្វើ​ឲ្យ​ធនធាន ធម្មជាតិ​ហិនហោច​ទៅ និង​ប្រព័ន្ធ​ច្បាប់​កាន់តែ​ធូររលុង គ្មាន​ឥទ្ធិពល​អី​ទៅ​ចាត់វិធានការ​ច្បាប់​លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​»​។​

​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ទំហំ ៣៦.០០០ ហិកតា ឋិត​ក្នុងស្រុក​សេ​សាន ខែត្រ​ស្ទឹងត្រែង ដែលមាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រកឃើញថា ក្រុមហ៊ុន​បាន​ដឹកឈើ​ពី​ខាងក្រៅ​ចូល​ផ្ទៃ​អាង ជា​លេស​ថា សំអាត​បាត​អាង និង​ដើម្បី​ប​ម្លែ​ង​ជា​ឈើ​ស្របច្បាប់ កើតមាន​ច្រើន​ឆ្នាំ​ណាស់​មកហើយ ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តស្ទឹងត្រែង រហូតដល់​ថ្នាក់ជាតិ​។ សកម្មជន​បរិស្ថានរ​ក​ឃើញថា ក្រុមហ៊ុន​នេះ​បាន​ដឹកឈើ មូល​ធំៗ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង និង​ស្រុក​វើនសៃខេត្តរតនគិរី ជាប់​ព្រំដែន​ឡាវ ចូលក្នុង​បាត​អាង ដើម្បី​ប​ម្លែ​ង​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀ​ណា​ម​។​

​គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី​បានចេញ​លិខិត​មួយច្បាប់​លេខ​៩៥២ សជណ កស ជម្រាបជូន រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​រ៉ែ​និង​ថា​ម ពល ថា​រាជរដ្ឋាភិបាល​បាន​យល់ព្រម​អនុញ្ញាត ឲ្យ​ក្រុមហ៊ុន​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច បន្ត​ឈូសឆាយ​សំអាត​ទីតាំង​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល អនុអនុផលព្រៃឈេី ដែល​បានមកពី​ការ​ឈូសឆាយ ដោយ​ក្រុមហ៊ុន​ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍ និង​នីតិ​វ​ធី ដែល​បានកំណត់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close