វៀតណាម និងជប៉ុន ចុះកិច្ចព្រមព្រៀងផ្ទេរបរិក្ខារ និងបច្ចេកវិទ្យាយោធា ធ្វើឲ្យចិនព្រួយបារម្ភ
ប្រទេសជប៉ុន និងវៀតណាម បានចុះកិច្ចព្រមព្រៀងថ្មីមួយដែលអនុញ្ញាតឲ្យមានការនាំចេញឧបករណ៍និងបច្ចេកវិទ្យាការពារជាតិដែលផលិតដោយជប៉ុនទៅកាន់ទីក្រុងហាណូយ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងពង្រឹងមូលដ្ឋានឧស្សាហកម្មយោធាជប៉ុន ហើយអាចនឹងជួយដល់សន្តិសុខជប៉ុន។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខនៅក្នុងតំបន់ដូចជា៖
១. ជប៉ុនព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ឆ្មាំសមុទ្ររបស់ចិន ហើយសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងអនុវត្តស្មារតី “តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ”។
២. លោក Kishi ថ្កោលទោសលើការធ្វើតេស្តបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង។
៣. រដ្ឋមន្ត្រីជប៉ុនស្វាគមន៍លើការតែងតាំងប្រេសិតពិសេសរបស់អាស៊ានទៅកាន់មីយ៉ាន់ម៉ា ហើយយល់ថា ការប្រែក្លាយចំណុចទាំង ៥ ទៅជាសកម្មភាពពិតប្រាកដពិតជាសំខាន់ណាស់។
ការចុះកិច្ចព្រមព្រៀងនេះ វាគឺជារឿងចៃដន្យ ខណៈរដ្ឋមន្ត្រីការបរទេសចិន Wang Yi ក៏ធ្វើដំណើរមកហាណូយក្នុងថ្ងៃតែមួយ និងបានប្រាប់ទៅខាងវៀតណាមថា គួរប្រឆាំងនឹងការជ្រៀតជ្រែករបស់ភាគីខាងក្រៅតំបន់សមុទ្រនេះ។
ប្រភព៖ Aljazeera
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។