រោងចក្រផលិតរថយន្ត Ford គ្រោងនឹងសាងសង់នៅខេត្តពោធិ៍សាត់
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes។
រោងចក្រផលិតរថយន្ត Ford គេគ្រោងនឹងសាងសង់នៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្ម បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម។
ឆ្លងកាត់កិច្ចប្រជុំនេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ ។
លោក ងួន សាំង នាយកប្រតិបត្តក្រុមហ៊ុន RMA បានឲ្យដឹងថា ក្រោយពីសាងសង់រោងចក្ររួចរាល់ហើយ ក្នុងនោះនឹងមានពីរម៉ូឌែលត្រូវតំឡើងមុនគេគឺ រថយន្ត Ford Ranger និងរថយន្ត Ford Everest ។ ចំពោះគម្រោងក្នុងឆ្នាំដំបូងនឹងផលិតឲ្យបាន ៤៥០០ គ្រឿង និងបន្តកើននៅឆ្នាំបន្តបន្ទាប់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។