តេស្តរកឃើញគ្រូ២៤នាក់វិជ្ជមានកូវីដ១៩ ខណៈសាលារៀននៅភ្នំពេញនឹងបើកឡើងវិញនៅថ្ងៃស្អែក
រដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃនេះ បានប្រកាសពីការរកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤នាក់នៅរាជធានីភ្នំពេញ វិជ្ជមានកូវីដ-១៩ ខណៈដែលសាលារៀននៅរាជធានីភ្នំពេញ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី១៥ កញ្ញា ស្អែកនេះ។
យ៉ាងណាក៏ដោយ បុគ្គលិកអប់រំដែលបានរកឃើញវិជ្ជមានកូវីដ១៩ទាំងនោះ គឺមានស្ថានភាពសុខភាពធម្មតា និងមិនមានរោគសញ្ញាធ្ងន់ធ្ងរឡើយ ដោយសារពួកគាត់បានទទួលវ៉ាក់សាំងចំនួន ២ដូស និងខ្លះទៀតបានទទួលវ៉ាក់សាំងដូសទី៣ ឬដូសជំរុញរួចហើយ ក្នុងនោះមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បានសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បញ្ជូនពួកគាត់ទៅទទួលការព្យាបាលពីក្រុមគ្រូពេទ្យជំនាញរួចរាល់ផងដែរ។
ជាមួយគ្នានេះ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការចាប់ផ្តើមដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មុនពេលចូលក្នុងគ្រឹះស្ថានសិក្សា ហើយចំពោះលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំ ដែលមានអាយុលើសពី ៥០ឆ្នាំឡើង ឬមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយសារបញ្ហាសុខភាព ក៏ដូចជាសិស្សានុសិស្សដែលមានជំងឺប្រចាំកាយមិនអាចចាក់វ៉ាក់សាំងបាន ត្រូវបន្តការបង្រៀន និងការរៀនតាមប្រព័ន្ធអនឡាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។