ក្រសួងមហាផ្ទៃប្រាប់ឱ្យប្រុងប្រយ័ត្នចំពោះល្បិចបោកប្រាស់តាមរយៈកម្មវិធី “ឈ្នះរង្វាន់កាតទូរស័ព្ទចំនួន ៥០០០០រៀល ពីក្រុមហ៊ុន H&M”
នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមការងារបច្ចេកទេសបានសង្កេតឃើញនូវសារចែករំលែកជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម តួយ៉ាងដូចជាកម្មវិធី Facebook Messenger ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ៥០០០០រៀល ពីក្រុម H&M ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។
បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា កម្មវិធីខាងលើនេះគឺជាល្បិចបោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងទុច្ចរិតដូចខាងក្រោម៖
– ធ្វើការអូសទាញជនរងគ្រោះចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ
– ធ្វើការបញ្ឆោតឲ្យជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់
– ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធិឲ្យគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសាររបស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ដែលនឹងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិដទៃទៀតរបស់ជនរងគ្រោះដែលមានក្នុង (Contact List)។
លើសពីចំណុចដែលបានរៀបរាប់ខាងលើ ជនខិលខូចក៏អាចប្រើប្រាស់ល្បិចកលនេះក្នុងគោលបំណងទុច្ចរិតផ្សេងៗទៀត ដូចជា៖
– ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ)
– ប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។