សម្តេចតេជោនិយាយពីករណីក្រុមហ៊ុន GFX ក្រោយ​ពីមានការសុំអន្តរាគមន៍ជាច្រើនលើក

ក្រោយពីមានការស្នើសុំអន្តរាគមន៍ជាច្រើន​លើក ពាក់ពន្ធនឹងករណីជម្លោះវិនិយោគរវាងប្រជាពលរដ្ឋជាង ៤០០នាក់ និង​ក្រុមហ៊ុន Gold FX Investment នៅថ្ងៃម្សិលមិញ (១៤ កញ្ញា) នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឆ្លើយ និង​ផ្តល់អនុសាសន៍សម្រាប់ករណីនេះ។

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងក្នុងសារឆ្លើយតបនឹង Comment អ្នកប្រើប្រាស់ facebook ឈ្មោះ «លីន លីន» ថា «​ដោយសារ​បងប្អូន បាន​ចូលមក​និយាយប្រាប់​ខ្ញុំ​ច្រើនដង​ហើយ ដែល​ល្មម​ដល់ពេល​ខ្ញុំ​ត្រូវ​ឆ្លើយតប ដោយ​ខ្លី​ថា សូម​បងប្អូន​បន្ត​សម្រុះ​សម្រួល​គ្នា ព្រោះ​បងប្អូន​ស្ម័គ្រចិត្ត​រកស៊ី​ជាមួយគ្នា​។ ក្នុងករណី​រក​ការស្រុះស្រួល មិនបាន សុំ​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​»​។​

បើតាម​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «​លីន លីន​» ថា «​មកដល់ពេលនេះ យើងខ្ញុំ​ទាំងអស់​ប្រមាណ​ជាង ៤០០​នាក់ គឺជា​វិនិយោគិន និង​ជា​ជនរងគ្រោះ ដែល​បានដាក់​ប្រាក់​វិនិយោគ ក្នុង​ក្រុមហ៊ុន ហ្គោល អេ​ហ្វ​អិ​កស៍ អ៊ិន​វេស​ម៉ិ​ន (GOLD FX INVESTMENT CO.,LTD) នៅ​រសាត់ អណ្តែត តែលតោល វេទនា​ផ្លូវកាយ​ផ្លូវចិត្ត ដោយ​មិនទាន់​បានទទួល​ដំណោះស្រាយ​សំណង​ប្រាក់​ដើម​សមស្រប​ពី​ក្រុមហ៊ុន​ខាងលើនេះ នៅឡើយ​ទេ​»​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល លើកឡើងថា «​ក្នុង​រយៈពេល​ជាង ៦ ខែ មកនេះ បន្ទាប់ពី​ក្រុមហ៊ុន បានធ្វើឱ្យ​បាត់បង់​ថវិកា​របស់​អតិថិជន ក្នុងការ​វិនិយោគ ក្រុមហ៊ុន ក៏បាន​ដាក់ចេញ​នូវ​ឱសានវាទ ៣០​ថ្ងៃ (​នៃ​ថ្ងៃ​ធ្វើការ​) ដើម្បី​ហៅ​វិនិយោគិន​ទាំងអស់ ឱ្យមក​ទទួលយក​សំណង ៣០% (​សាមសិប​ភាគរយ​) នៃ​ប្រាក់​ដើម​សរុប ដែល​ក្រុមហ៊ុន បានកំណត់​ជា​ឯកតោភាគី​ជូន​។ ក្នុងករណី​ការដោះស្រាយ​ជូន​សំណង ៣០% (​សាមសិប​ភាគរយ​) នៃ​ប្រាក់​ដើម​សរុប នេះ គឺ​ក្រុមហ៊ុន មិនបាន​គោរព​តាម​ការណែនាំ​របស់ ន​.​ម​.​ក ដែល​បាន​ណែ​នាំឱ្យ​ក្រុមហ៊ុន Gold FX ត្រូវ​ដោះស្រាយ​ទូទាត់​ប្រាក់​វិនិយោគ​ឱ្យ​អតិថិជន​ទាំងអស់​វិញ ជាបន្ទាន់ ដូច​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន លេខ ០១៨/២១ ន​.​ម​.​ក​/​ស​.​ប្រ​.​ព ចុះ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០២១ នោះទេ​។​

​គណនី​ដដែល លើកឡើងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​ចប់​ឱសានវាទ​ក្នុងការ​កំណត់ ៣០​ថ្ងៃ​ហើយ​។ ប៉ុន្តែ​ក្រុមហ៊ុន នៅតែ​បន្ត​ហៅ​វិនិយោគិន ឱ្យមក​យក​សំណង ៣០% (​សាមសិប​ភាគរយ​) នៃ​ប្រាក់​ដើម​សរុប បន្តទៀត​។ ដោយ​ពិនិត្យមើល​ករណីនេះ​ហើយ យើងខ្ញុំ​ទាំងអស់ ជា​ជនរងគ្រោះ និង​ជា​ប្រជាជន​ស្លូតត្រង់ ប្រមាណ ៥០០ នាក់ ដែល​បាន​ខិតខំ​សន្សំ​ប្រាក់ ដោយ​កម្លាំង​ញើស​ឈាម​យ៉ាង​លំបាក ជាពិសេស​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ប្រភេទ​ថ្មី សូម​ប្រកាសថា យើងទាំងអស់គ្នា មិន​ព្រម​ទទួលយក​សំណង ៣០% (​សាមសិប​ភាគរយ​) នេះ​ជាដាច់ខាត​។ អាស្រ័យ​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម​សម្ដេច មេត្តា​ពិនិត្យ ផ្តល់​កិច្ច​អន្តរាគមន៍ សម្របសម្រួល និង​ជំរុញ​ការដោះស្រាយ​ជូន​យើងខ្ញុំ ជា​ជនរងគ្រោះ​ទាំងអស់ ឱ្យទទួល​បាន​សំណង​ប្រាក់​ដើម​សមស្រប​ត្រឡប់មកវិញ ដោយ​សេចក្តី​អនុគ្រោះ​បំផុត​។ សូម​សម្ដេច​ពុក មេត្តា​ទទួល​នូវ​សេចក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត អំពី​យើងខ្ញុំ​ទាំងអស់គ្នា​ផង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close