រយៈពេល៧ខែឆ្នាំនេះ ភ្ញៀវអន្តរជាតិចូលមកកម្ពុជាតាមជើងអាកាស មានតែជាង ៥ម៉ឺននាក់

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជាបានទទួលភ្ញៀវអន្តរជាតិ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ក្នុងរយៈពេល ៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១ បានចំនួនប្រមាណ ៥ម៉ឺននាក់ ដោយចំនួននេះគឺមានការធ្លាក់ចុះ៩២,៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។

បើតាមរបាយការណ៍ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានភ្ញៀវអន្តរជាតិជាង ៤ម៉ឺននាក់ ធ្លាក់ចុះ ៨៨,៧%, អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានចំនួន ៤នាក់ ធ្លាក់ចុះ ១០០% និងអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ មាន ៧៨១៦នាក់ ធ្លាក់ចុះ ៨៧,៥%។

យ៉ាងណាក៏ដោយ ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព»។ ខណៈពេលផែនការនេះបញ្ចប់ រាជរដ្ឋាភិបាលនឹងបើកឲ្យភ្ញៀវទេសចរបរទេស ចូលមកកម្សាន្ត នៅកម្ពុជាឡើងវិញ។

សូមជម្រាបថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ល្អនៃការចាក់វ៉ាក់សាំងជូនប្រជាជន ដោយគិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អ្នកចាក់វ៉ាក់សាំងសរុបមានប្រមាណ ១១,៤៤លាននាក់ ដែលជាក្តីរំពឹងនៃការបើកឲ្យមានប្រក្រតីភាពឡើងវិញសង្គម-សេដ្ឋកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close