កម្ពុជា និង​អូស្ត្រាលី ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​បរិស្ថាន រវាង​ប្រទេស​ទាំង​២!

​ភ្នំពេញ​៖ កាលពី​រសៀល ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជួប​ជាមួយ​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​បរិស្ថាន រវាង​ប្រទេស​ទាំង​២ ជាពិសេស ការផលិត​ថាមពល​និង​ការគ្រប់គ្រង​ធនធានទឹក និង ការកំណត់​ជំហរ​របស់​កម្ពុជា​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​២៦​នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP26)​។

ឯកឧត្តម រដ្ឋមន្ត្រី​បាន​លើក​ថា សុខ សន្តិភាព និង​ស្ថេរភាព​នយោបាយ​គឺជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មានឱកាស​គិតគូរ​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។ ​ឯកឧត្តម ក៏​បញ្ជាក់ថា បេសកកម្ម​សំខាន់​របស់​ក្រសួងបរិស្ថាន​ផ្តោតលើ កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការ​រស់​ដោយ​ចីរភាព​។ សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល​បានរៀបចំ ផែនការ​ជា​យុទ្ធសាស្ត្រ សម្រាប់​រយៈពេល​វែង ស្តីពី​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច ក្នុងនោះ​ក៏មាន​ការគិតគូរ​អំពី​ប្រភព​ថាមពល​នាពេល​អនាគត​ផងដែរ​។

ឯកឧត្តម ក៏បាន​បន្ថែមថា ប្រទេស​ចិន​កំពុង​បញ្ឈប់​ការផ្តល់​មូល​ធិ​សម្រាប់​គម្រោង​បង្កើត​ថាមពល​អគ្គិសនី​មកពី​ធ្យូងថ្ម បច្ចុប្បន្ន​ពិភពលោក​កំពុងតែ​ផ្លាស់ប្តូរ​ទៅរក​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ និង​ថាមពល​ស្អាត ហើយ​កម្ពុជា​ក៏​កំពុង​សិក្សា​អំពី​លទ្ធភាព​នៃ​ប្រភព​ថាមពល​ផងដែរ​។
​ទាក់ទង​នឹង​ជំហរ​របស់​កម្ពុជា​សម្រាប់ COP26 ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា​យើង​កំពុង​រៀបចំ​ជំហរ​កម្ពុជា​ដើម្បី​សុំ​គោលការណ៍​សម្រេច​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជាមួយគ្នានេះដែរ កម្ពុជា​កំពុងតែ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន​និង​សង្ឃឹមថានឹង​បញ្ចប់​នៅមុន COP26​។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បានលើកឡើង​បន្ថែម​អំពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​តាម​ដង​ទន្លេមេគង្គ ដោយ​ផ្តោត​សំខាន់​លើ ការ​បង្កាត់​ពូជស្រូវ ដែល​បញ្ចេញ​កាបូន​តិច ការ​បង្កាត់​ពូជ​ត្រី ប្រព័ន្ធធារាសាស្ត្រ គ្រោះទឹកជំនន់ និង​យន្ត​ការបន្ថយ​ការបំពុល​ប្លា​ស្ទីក​នៅក្នុង​សមុទ្រ​។

​បន្ថែម​លើសពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ពិភាក្សា​អំពី​ការរៀបចំ​ឯកសារ គោលនយោបាយ និង​សេចក្តីប្រកាស​ពាក់ព័ន្ធ សម្រាប់​ត្រៀម​សន្និសីទ លើក​ទី​២៦ នៃ​ភាគី​អនុសញ្ញា​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close