កុមារ​ចិន​មាន​អាយុ​ចាប់ពី​១២-១៧​ឆ្នាំ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩​រួចរាល់​ជាង ៩១%

​ចិន​ជា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ច្រើនជាងគេ ទាំង​មនុស្ស​ធំ​និង​ក្មេង​ជំទង់​។ មកទល់​ពេល នេះ ចិន​បាន​ជំរុញ​ការចាក់​វ៉ាក់សាំង ដល់​កុមារ​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង​ដោយ​បារម្ភ​ខ្លាច​មាន​ករណី​ឆ្លង​កូ​វីដ ១៩ នៅក្នុង​សាលារៀន​។​

​ក្រសួង​អបរំ​ចិន MOE បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី ១៥​ខែកញ្ញា មាន​សិស្ស​ដល់​ទៅ ៩១% មាន​អាយុ​ចាប់ពី ១២-១៧​ឆ្នាំ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​គ្រប់​ចំនួន​ពីរ​ដូ​ស​។ ក្រសួងសុខាភិបាល​ក៏បាន​អំពាវនាវ​ដល់​បណ្តា​សាលា​រៀន​នានា​ត្រូវ​បង្កើន​សកម្មភាព​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ ១៩ ឲ្យ​បានល្អ​បំផុត ពិសេស​ក្នុងពេល​ឈប់សម្រាក់​បុណ្យ​សែន​ព្រះ​ខែ​។​

​តាម​ការប្រកាស​របស់​គណៈកម្មការ​សុខាភិបាល​ចិន បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣​ខែកញ្ញា មាន​ករណី​ឆ្លង​រាលដាល​កូ​វីដ ១៩ នៅក្នុង​សាលាបឋមសិក្សា នៅ​ទីក្រុង Putian ខេត្ត Fujian​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ។ ការរកឃើញ​នៅក្នុង​សាលារៀន​ក្រោយ​មាន​ករណី​ផ្ទះ​នៅក្នុង​ទីក្រុង​នេះ​បាន​១០​ថ្ងៃ​។ ពលរដ្ឋ​នៅក្នុង​ទីក្រុង Putian ប្រមាណ​ជាង ៤,៥​លាន​នាក់​ត្រូវធ្វើ​តេស្ត​ទាំងអស់ ។​

​តាម​ការលើកឡើង​រប​ស់​មន្ត្រី​សុខាភិបាល​ទីក្រុង Putian ពាក់ព័ន្ធ​នឹង​សាលារៀន មកទល់ពេលនេះ​មាន​កុមារ​២០​នាក់​ហើយ​ក្រោម​អាយុ ១២​ឆ្នាំ បាន​ឆ្លង​កូ​វីដ​១៩​។ នៅ​ថ្ងៃទី​១៥​ខែកញ្ញា ចិន​បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ ១៩ ចំនួន ៥០​នាក់​ថ្មី គឺ​ស្ថិតនៅក្នុង​ខេត្ត Putian ទាំងអស់ ។ នេះ​ជា​ថ្ងៃទី​ពីរ​ហើយ​ដែល​ទីក្រុង​នេះ​មាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ដល់​៥០​នាក់ ។ ក្នុង​រយៈពេល ៥​ថ្ងៃ​កន្លងមក ខេត្ត Fujian មាន​ករណី​ឆ្លង​កូ​វីដ ១៩​សរុប​១៥២​នាក់​ហើយ​។​

​សរុប​នៅ​ទូទាំងប្រទេស​ចិន​គិត​ត្រឹម​ថ្ងៃទី ១៥​ខែកញ្ញា មាន​ករណី​ឆ្លង​កូ​វីដ ១៩ សរុប ៩៥.៤១៣​នាក់ និង​ស្លាប់​៤៦៣៦​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close