អាមេរិក អំពាវនាវ​ឲ្យ Facebook ស៊ើប​ការ​អ្នកប្រើប្រាស់​វ័យ​ជំទង់ នៅលើ Instagram

​អាមេរិក​៖ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ ប្រកាសថា ពួកគេ​នឹង​បើក​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុន Facebook បន្ទាប់ពី​របាយការណ៍​មួយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យក្ស​នេះ​ដឹងថា វេទិកា​របស់ខ្លួន​អាច​បំពុល​ដល់​អ្នកប្រើប្រាស់​វ័យ​ជំទង់​មួយចំនួន​។​

​ជុំវិញ​នេះដែរ ក្រុមហ៊ុន Facebook ត្រូវបាន​គេ​រាយការណ៍​ថា បានចាប់ផ្ដើម​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង​ទៅលើ​បណ្ដាញ​សង្គម Instagram ពាក់ព័ន្ធ​នឹង​អ្នកប្រើប្រាស់​វ័យ​ជំទង់ ក្រោយ​មានការ​រិះគន់​យ៉ាងច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់​វ័យ​ជំទង់​។
​ថ្មីៗ​នេះ​អ្នកប្រើប្រាស់​វ័យ​ជំទង់​បានបង្ហាញ​អារម្មណ៍​ពិត​របស់​ពួកគេ​ថា Instagram បច្ចុប្បន្ន​ហាក់​មិនមាន​សុវត្ថិភាព​សម្រាប់​ពួកគេ ហើយ​ពួកគេ​មាន​អារម្មណ៍​ធុញថប់​នឹង​ការប្រើប្រាស់​។
​អ្វីដែល​ពួកគេ​បាន​សង្កេតឃើញ​រាល់ថ្ងៃ​នៅលើ​បណ្ដាញ Instagram គឺ​រូបភាព​នៃ​ការធ្វើអត្តឃាត រូបភាព​នៃ​ការរើសអើង រូបភាព​នៃ​ការ​មើលងាយ សើចចំអក រូបភាព​នៃ​ការរំលោភបំពាន​ផ្លូវភេទ និង​រូបភាព​អាក្រក់ៗ​ផ្សេងៗ​ជាច្រើន​ទៀត​។

​ពាក់ព័ន្ធ​នឹង​រូបភាព​អស់ទាំងនោះ បានធ្វើឱ្យ​អ្នកប្រើប្រាស់​វ័យ​ជំទង់​មាន​អារម្មណ៍​ធុញថប់ និង​មិន​ចង់​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ ទៀត​ទេ ហេតុនេះហើយ​ទើប​ធ្វើឱ្យ Facebook សម្រេចចិត្ត​ធ្វើការ​សង្កេត​ផ្ទៃក្នុង​ឡើងវិញ​ម្ដងទៀត​ទៅលើ​ករណី​ខាងលើនេះ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ Facebook ធ្លាប់​មានបំណង​ចង់​បង្កើត Instagram Youth សម្រាប់​ក្មេង​វ័យ​ជំទង់ ប៉ុន្តែ​ត្រូវបាន​រដ្ឋាភិបាល​អាមេរិក​ស្នើសុំ​ឱ្យ​បញ្ឈប់​គម្រោង​មួយ​នេះ និង​បាន​ជំ​រុញឱ្យ​ពង្រីង​ទៅលើ​ផ្ទៃក្នុង​វិញ​ដើម្បី​ទប់ស្កាត់ សកម្មភាព​ផ្សេងៗ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close